Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបច្ចេកទេស​អូស្ត្រាលី ជួយ​ក្នុង​ដំណើរ​ការកសាង​ច្បាប់​សំខាន់ៗ​ចំនួន​២ របស់​កម្ពុជា​

​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែស្រាព​ណ៌ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការី ចូលជួប​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បានផ្ដល់​ការគាំទ្រ​តាមរយៈ​ការចាត់​បញ្ជូន​អ្នកបច្ចេកទេស​មកជួយ​ក្នុង​ដំណើរ​ការកសាង​ច្បាប់​សំខាន់ៗ​ចំនួន​២ គឺ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដែល​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​កាលពីពេល​ថ្មីៗ​នេះ​។​

​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា​ក្រោយពី​ច្បាប់​នេះ​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ហើយ គឺ​នៅសល់​លិខិតបទដ្ឋាន​គតិយុត្តិ​ក្រោម​ច្បាប់​នេះ​មួយចំនួនទៀត​ដែល​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ត្រូវ​បន្ត​សហការ​រៀបចំ ដើម្បី​ឈានទៅ​អនុវត្ត​ច្បាប់​ទាំងពីរ​នេះ​ឱ្យបាន​ពេញលេញ​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​នូវ​សមិទ្ធផល​ច្បាប់​ចំនួន​ពីរ​នេះ និង​បាន​ជម្រាប​សម្ដេច​ទៀតថា​កន្លងមក រដ្ឋាភិបាល​អូស្ត្រាលី​ក៏​ធ្លាប់បាន​ជួយ​លើ​កិច្ចការ​មួយចំនួន​ផងដែរ​ជាពិសេស​នៅក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ អូស្ត្រាលី​បានផ្ដល់​ជំនួយ​វិស័យ​សុខាភិបាល និង​វិស័យ​កសិកម្ម​ជួយ​កម្ពុជា តាមរយៈ​អង្គការក្រៅរដ្ឋាភិបាលរ​បស់​អូស្ត្រាលី​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​ថា ជាការ​ពិត នៅក្នុង​ស្ថានភាព​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ វិស័យ​មួយចំនួន​ដូចជា​ទេសចរណ៍ ឧស្សាហកម្ម​វាយណភ័ណ្ឌ​ពិតជា​ទទួលរង​ផលប៉ះពាល់ ប៉ុន្តែ​ឯកឧត្តម​សូម​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម ធ្វើយ៉ាងណា​ជួយ​ជំរុញ​បន្ថែម​ដល់​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម​បាន​បន្តថា​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ឯកឧត្តម​ពិតជា​រីករាយ​ដែល​បាន​ចូលរួម​អមដំណើរ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះទៅ​កាន់​ខេត្តតាកែវ​កាលពីពេល​ថ្មីៗ​នេះ ដើម្បី​ពិនិត្យមើល​ដោយផ្ទាល់​ក្នុង​ដំណើរការ​ជំរុញ​វិស័យ​កសិកម្ម​នៅក្នុង​ខេត្ត​មួយ​នេះ​។

​ឯកឧត្តម​បន្តថា​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋបាល​ភិ​បាល​អូស្ត្រាលី​កំពុង​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការធ្វើ​ទំនើបកម្ម​ការប្រើប្រាស់​គ្រឿងយន្ត ការបណ្ដុះ​ពូជ និង​ការ​កម្ចាត់​សត្វល្អិត​ជាដើម​ដើម្បី​ឈានទៅ​បង្កើន​ទិន្នផល​កសិកម្ម​ស្រូវ​និង​ជំរុញ​ការនាំចេញ​អង្ករ​ក្រអូប​ទៅកាន់​អូស្ត្រាលី​ឱ្យ​កាន់តែច្រើន​។​

​ក្រៅពី​កិច្ចការ​ទាំងនេះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​សម្ដេច​ទៀតថា​រដ្ឋាភិបាល​អូស្ត្រាលី​ក៏បាន​សហការ​ជាមួយ​ក្រសួងផែនការ​ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​បញ្ជី​ប្រជាជន​ក្រីក្រ​ដែល​កិច្ចការ​នេះ​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​ប្រសើរ​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ក​ម្លាំ​ង​អនុវត្ត​ច្បាប់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន រួមមាន​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការ​កេង​ប្រ​វ​ញ្ញ​ផ្លូវភេទ​លើក​មារ​ក្នុងនោះ​ក៏មាន​ការផ្ដល់​ជំនួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ​ត្រួតពិនិត្យ​ឯកសារ​លិខិតឆ្លងដែន​ដែរ​។​

​ឯកឧត្តម​បានបង្ហាញ​ភាព​រីករាយ​ចំពោះ​វឌ្ឍនភាព​និង​លទ្ធផល​ដែល​ទទួលបាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​លើ​វិស័យ​នគរបាល​នេះហើយ​សម្រាប់​ច្បាប់​ទាំងពីរ​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នោះ​ឯកឧត្តម​ពិតជា​ចង់ឃើញ​ការអនុវត្ត​ច្បាប់​បាន​ពេញលេញ​។​

​ឯកឧត្តម​ក៏បាន​បង្ហាញ​ឆន្ទៈ​បន្ត​គាំទ្រ​ដល់​ការរៀបចំ​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​ដើម្បី​ឈានទៅ​អនុវត្ត​ច្បាប់​នេះ​រួមទាំង​ផ្ដល់​ការបណ្ដុះបណ្ដាល​មន្ត្រី​កម្ពុជា​ក្នុងការ​ចាត់តាំង​អនុវត្ត​ភាពរ​កិច្ច​ស្របតាម​ច្បាប់​ទាំងពីរ​នេះ​ផងដែរ​។​

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ជាថ្មី​ម្ដងទៀត​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បានផ្ដល់​អ្នកបច្ចេកទេស​រៀបចំ​ច្បាប់​ទាំងពីរ​នេះ​ពីព្រោះ​ច្បាប់​ទាំងពីរ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា​និង​ក៏​ជាការ​ចូលរួមចំណែក​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ការងារ​ទប់ស្កាត់​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ការប្រឆាំង​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ដែរ​។​

​សម្ដេច​បានបង្ហាញ​ការស្វាគមន៍​បន្តទៀត​ចំពោះ​ក្រុម​អ្នកជំនាញ​អូស្ត្រាលី​សម្រាប់​ការចូលរួម​ដល់​កិច្ច​ការកសាង​ឯកសារ​គតិយុត្ត​ក្រោម​ច្បាប់​ទាំងពីរ​នេះ​និង​បាន​ឯកភាព​ចំពោះ​ការវាយតម្លៃ​របស់​ឯក​ឧ​ត្ត​ម​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក​។​

​សម្ដេច​បានស្នើ​ឱ្យ​ភាគី​អូស្ត្រាលី​បន្ត​ជួយ​ពង្រឹង​ដល់​សមត្ថភាព​មន្ត្រីនគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​អធិការដ្ឋាន​នគរបាល​ឱ្យ​កាន់​តែមាន​សមត្ថ​ភាពរឹងមាំ​ក្នុងការ​បំពេញភារកិច្ច​ខណៈ​ភាគី​អូស្ត្រាលី​ធ្លាប់ជួយ​ការងារ​ជា​បន្តបន្ទាប់​។

​សម្ដេច​សង្ឃឹមថា​កម្លាំង​នគរបាល​ប្រទេស​ទាំងពីរ​នឹ​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​ការពារ​បន្តទៀត​នូវ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ទាំងពីរ​៕ ដោយ​៖​កូ​ឡាប​

×