ការគោរពបូជារាហូនិងកេតុ មានក្នុងទឹកដីកម្ពុជាតាំងតែពីសម័យបុរេអង្គរមកម្ល៉េះ ។ ក្បាច់ផ្តែរចាស់ជាងគេបំផុតពាក់ព័ន្ធនឹងអាទិទេពរងនេះ ដែលបានមកពីក្រុមប្រាសាទសម្បូរព្រៃគុក គឺស្ថិតក្នុងអំឡុងចុងសតវត្សរ៍ទី៦ និងដើម សតវត្សរ៍ទី៧ ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងច្បាស់អំពីប្រភពកំណើតនៃទេវៈលំដាប់ក្រោមទាំងនោះនៅឡើយ ។
ក្បាលរាហ៊ូ, ដីដុត, អង្គរបុរី, សារមន្ទីរជាតិពន្ធុវិទ្យា (ថត ២០១០)
នៅក្នុងគម្ពីរត្រៃភូមិខ្មែរ យើងបានឃើញមានការពិពណ៌នាអំពីរាហូនិងកេតុផងដែរ ប៉ុន្តែប្រការនេះមិនមានន័យថា ទេវៈទាំងពីរអង្គខាងលើនេះបានប្រសូតចេញពីលទ្ធិពុទ្ធសាសនានោះទេ ។ តើរាហូនិងកេតុមានដើមកំណើតចេញពីណាមក ?
ក្នុងការឈ្វេងយល់ពីប្រភពដើម នៃអាទិទេពទាំងពីរនោះ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងប្រព័ន្ធគំនិតខ្មែរ ជាពិសេសក្នុងវិស័យសិល្បៈស្ថាបត្យកម្មបុរាណ យើងត្រូវយកទេវកថាបែបព្រហ្មញ្ញសាសនាជាមូលដ្ឋានបង្អែក ។ ពីព្រោះគម្ពីរសាសនាព្រាហ្មណ៍បានតែងឡើងមុនកំណើតនៃលទ្ធិព្រះពុទ្ធសាសនា ។ បើនិយាយម្យ៉ាងទៀត ការសិក្សាវិភាគរឿងការកូរសមុទ្រទឹកដោះ ដែលមានក្នុងទេវកថាបែបព្រហ្មញ្ញសាសនា ជាភស្តុតាងដ៏ជាក់លាក់មួយស្តីអំពីប្រភពព្រាហ្មណ៍និយម នៃរាហូនិងកេតុ មុននឹងត្រូវបានបញ្ចូលដោយរលូនក្នុងទេវកថាវិទ្យាបែបពុទ្ធនិយម ។
ជាទូទៅ ទេវកថាទាក់ទិនទៅនឹងការកូរសមុទ្រទឹកដោះ រវាងពពួកទេវតានិងអសុរៈឬយក្ស ផ្តើមនិយាយអំពីចម្បាំងរវាងសភាវៈទាំងពីរខាងលើនេះ ដោយផ្តោតលើភាពខ្សត់ខ្សោយរបស់ក្រុមទេវៈ ។ គឺភាពទន់ខ្សោយនេះហើយ ដែលបានបង្ខំឲ្យពពួកទេវៈជំនុំពិភាក្សាគ្នារិះរកមធ្យោបាយ ដើម្បីយកជ័យជម្នះលើពពួកអសុរៈ ។
ផ្តែរនព្វគ្រោះដែលមានវត្តមានរបស់រាហ៊ូ និង កេតុ (ឯកសារសារមន្ទីរជាតិភ្នំពេញ)
ក្រោយពីពិគ្រោះយ៉ាងល្អិតល្អន់ ពួកគេយល់ឃើញថា មានតែទឹកអម្រឹតដ៏ពិសិដ្ឋទេ ដែលអាចនាំពួកគេទទួលជ័យជម្នះជាស្ថាពរបាន ។ ប៉ុន្តែពពួកទេវតាយល់ឃើញថា ពួកគេនឹងមិនអាចសម្រេចបំណងនេះជាដាច់ខាត បើគ្មានការចូលរួមនៃពពួកអសុរៈ ។ ដូច្នេះហើយ បានជាពួកគេម្នីម្នាបបួលពពួកអសុរៈ ឲ្យបើកការកូរសមុទ្រទឹកដោះរួមគ្នាមួយ ដើម្បីចែកចាយស្មើគ្នានូវទឹកដ៏ពិសិដ្ឋខាងលើនេះ ដែលផ្តល់នូវភាពអមតៈនៃជីវិតក្រោយពីការកូរសមុទ្រទឹកដោះត្រូវបានបញ្ចប់ ។ បំណងលោភលន់គ្មានព្រំដែនរបស់ពពួកអសុរៈ បានធ្វើឲ្យពួកគេឈប់ច្បាំងគ្នា ហើយនៅទីបញ្ចប់ក៏បានយល់ព្រម ចូលរួមកូរសមុទ្រទឹកដោះ ជាមួយក្រុមទេវៈ ដោយយកពស់វាសុគីធ្វើជាខ្សែពួរ ដើម្បីទាញបង្វិលស្នូល ។ ប៉ុន្តែនៅទីបញ្ចប់ ដោយភាពល្ងង់ខ្លៅ ពពួកអសុរៈក៏បានចាញ់ពពួកទេវៈ ។
សូមបញ្ជាក់ថា ក្នុងការកូរសមុទ្រទឹកដោះដ៏វិសេសវិសាលនេះ ព្រះវិស្ណុបានយាងមកធ្វើអន្តរាគមន៍ ដោយព្រះអង្គបានបែងភាគធ្វើជាសត្វអណ្តើក (កម៌ ) ដើម្បីតម្រង់ឲ្យត្រង់វិញនូវភ្នំមន្ទរ ដែលត្រូវបានផ្អៀងក្នុងការកូរសមុទ្រទឹកដោះ ដែលមានរយៈពេលច្រើនពាន់ម៉ឺនឆ្នាំ ។
ក្បាលរាហ៊ូ, អង្គរបុរី (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក)
ក្រោយពីបានឆ្លងកាត់ដំណាក់កាលជាច្រើន ការកូរសមុទ្រក៏បានឈានទៅដល់ទីបញ្ចប់ជាស្ថាពរ តែមុននេះបន្តិចមានការលេចធ្លោចេញពីសមុទ្រនូវសត្វមួយចំនួនជាបន្តបន្ទាប់គ្នា ហើយនៅទីបញ្ចប់គឺ ព្រះនាងលក្ស្មីនិងពពួកស្រីទេពអប្សរ ដែលប្រកបដោយសម្ផស្សអស្ចារ្យ គួរឲ្យបេតី ។
នៅទីបំផុត ទោះបីជាការកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតដ៏មហិទ្ធិឫទ្ធិ បានទទួលផលផ្លែផ្កាជាស្ថាពរក៏ដោយ ក៏ពពួកអសុរៈមិនបានទទួលអ្វីទាំងអស់ សូម្បីតែមួយតំណក់ក៏គ្មានដែរ ពីព្រោះមានតែពពួកទេវៈទេ ដែលបានទទួលការចែកចាយពីសំណាក់ព្រះវិស្ណុ នូវទឹកភេសជ្ជៈដ៏ពិសិដ្ឋ ។
ទេវកថាបានបន្តទៀតថា គ្រូបាធ្យាយរបស់ពពួកអសុរៈឈ្មោះ សុក្រាចារ្យ បានដឹងហេតុការណ៍មិនប្រក្រតីនេះភ្លាម ក៏បានប្រែកាឡាបន្លំខ្លួនទៅជាទេវៈ ដើម្បីរង់ចាំក្រេបទឹកអម្រឹតពីព្រះវិស្ណុ ។ តែជាអកុសល ក្នុងខណៈដែលកំពុងទទួលទឹកអម្រឹតពីព្រះវិស្ណុ រំពេចភ្លាមនោះ ស្រាប់តែព្រះចន្ទ្រនិងព្រះអាទិត្យ ដឹងល្បិចកលនេះទាន់ ក៏ស្នើឲ្យព្រះវិស្ណុដាក់ទារុណកម្មលើសុក្រាចារ្យជាបន្ទាន់ដែរ ។ ព្រះវិស្ណុក៏ចាប់យកកងចក្រ ដើម្បីវាយប្រហារលើសុក្រាចារ្យភ្លាមដែរ ជាហេតុធ្វើឲ្យគ្រូរបស់ក្រុមអសុរៈ ដាច់ខ្លួនជាពីរកំណាត់ ដោយចែកដាច់ត្រឹម ក គួរឲ្យព្រឺព្រួចក្រៃលែង ។ ដោយសារអំណាចពិសិដ្ឋរបស់ទឹកអម្រឹត ផ្នែកខាងក្បាលរបស់សុក្រាចារ្យ ក៏ក្លាយទៅជាអាទិទេពថ្មីមួយ គឺរាហូ ។ ចំណែកដងខ្លួនគឺ កេតុ ។
រាហូសតវត្សរ៍ទី ១៦ មកពីឧដុង្គ, សារមន្ទីរជាតិភ្នំពេញ (ថត ២០១០)
ដោយសារប្រការនេះហើយ ទើបរាហូត្រូវបានជនជាតិខ្មែរចាត់ទុកថា ជាទេព្តាតំណាងឲ្យជោគជតា រាសីល្អ ។ រីឯកេតុវិញតំណាងឲ្យសភាវៈអាក្រក់ ដែលតែងតែប៉ុនប៉ងប្រាថ្នាដេញតាមសងសឹកព្រះចន្ទ្រនិងព្រះអាទិត្យ ដែលជាសត្រូវជានិច្ចកាល ។
សូមជម្រាបជាព័ត៌មានផងដែរថា ក្នុងប្រទេសឥណ្ឌា និងអតីតដែនដីខ្មែរបុរាណ ជំនឿលើរាហូនិងកេតុ ត្រូវបានបញ្ជាក់តាមរយៈទំនៀមទម្លាប់មួយចំនួន ។
ចំពោះវត្តមានរបស់រាហូ នាសម័យវប្បធម៌អង្គរភ្នំ យើងអាចលើកយកចម្លាក់ដីដុតនិងថ្មមួយចំនួន ក្នុងចំណោមវត្ថុបុរាណយ៉ាងច្រើនមកពីអង្គរបុរី ដែលយើងគិតស្មានថា ពិតជាតំណាងឲ្យរាហូ ។
មុននឹងបញ្ជាក់សេចក្តីពាក់ព័ន្ធនឹងរាហូនិងកេតុ ក្នុងសម័យនគរភ្នំ គួរយើងក្រឡេកភ្នែកមើលចម្លាក់ផ្តែរមួយ ក្នុងចំណោមចម្លាក់ដ៏ច្រើន គឺចម្លាក់ផ្តែរប្រាសាទគោករកា ក្នុងខេត្តកំពង់ធំ ព្រោះនៅលើក្បាច់ផ្តែរនេះយើងឃើញមានវត្តមានរបស់ព្រះអាទិទេពទាំងពីរអង្គខាងលើនេះ ។
ជាទូទៅនៅ សតវត្សរ៍ទី១០ និងទី១១ នៅលើចម្លាក់តំណាងឲ្យអាទិទេពទាំង ៩ រក្សាទិសឬនព្វគ្រោះ ពិសេសចម្លាក់នៅប្រាសាទគោករកា យើងឃើញមានព្រះអាទិត្យនិងព្រះចន្ទ្រ (ថ្នាក់ទី១ និងទី២), រាហូនិងកេតុនៅថ្នាក់ទី៨ និងទី៩ ។
ម្យ៉ាងវិញទៀត សូមជម្រាបថា ព្រះអាទិត្យប្រថាប់លើរថចម្បាំងមួយ ដែលទាញដោយសេះពីរ នៅលើព្រះហស្ដទាំងពីរមានកាន់ទងផ្កាឈូក ។ ព្រះចន្ទ្រប្រថាប់លើបល្ល័ង្ក នៅលើដៃទាំងពីរក៏មានកាន់ផ្កាឈូកដែរ ។ រីឯរាហូវិញ ដែលមានមុខមាត់ដ៏អាក្រក់ គ្រោតគ្រាតនោះ មានដងខ្លួនហ៊ុមព័ទ្ធដោយពពកយ៉ាងក្រាស់ឃ្មឹក ហើយនៅដៃស្តាំក៏មានកាន់នំឬក៏ជាផ្កាមួយទងផងដែរ ។ ព្រះកេតុ ដែលគេអាចសម្គាល់តាមរយៈទង់ ដែលពាក់នៅលើរាងកាយ ហើយមានយានជំនិះជាសិង្ហតោ ៕ F(ម.ត្រាណេ)