ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ(២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងពិធីបិទសន្និបាត សម្តេចក្រឡាហោម បានធ្វើការណែនាំ និងផ្តាំផ្ញើនូវអនុសាសន៍ចំនួន៦ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំបន្ត របស់បណ្ឌិត្យសភាឱ្យទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលមានដូចខាងក្រោម៖
ទី១. អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញលើកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១ របស់បណ្ឌិត្យសភាដែលបានកាត់ចេញ និងត្រូវខិតខំសម្របសម្រួលជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរក្សាកញ្ចប់ថវិកាតាមសំណើរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់គាំទ្រដល់វគ្គសិក្សានានាដែលត្រូវបណ្តុះបណ្តាល។
ទី២. អង្គភាពពាក់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស។
ទី៣. បណ្ឌិត្យសភាត្រូវបន្ដកសាងវប្បធម៌គុណភាព ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ឱ្យមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ។
ទី៤.បណ្ឌិត្យសភាត្រូវជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មាន ទាក់ទងទៅនឹងការប្រើប្រាស់ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់កងកម្លាំងនានា។
ទី៥.ទាក់ទងទៅនឹងសារមន្ទីរនគរបាលជាតិ ដែលគ្រោងសង់ថ្មីក្នុងបរិវេណបណ្ឌិត្យសភា ក្នុងន័យនេះ សម្តេចក្រឡាហោម ស្នើសុំ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ប៊ុណ្ណារិន ឯកឧត្ដម សេង យូអ៊ាន់ និងឯកឧត្ដម សេង ផល្លី ត្រូវជួបប្រជុំពិភាក្សាគ្នាអំពីការផ្ទេរការគ្រប់គ្រង និងការសាងសង់សារមន្ទីរនគរបាលជាតិនេះ។
ទី៦.បណ្ឌិត្យសភាត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តវិធានការណែនាំនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដូចជា ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ ជែល អាល់កុល ការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាព ជាដើម។
សូមជម្រាបថា បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវកម្មវិធីកំណែទម្រង់របស់ខ្លួនលើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូ និងមន្ត្រី ការអភិវឌ្ឍធនធានរូបវន្ត និងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា។
ការធ្វើកំណែទម្រង់ខាងលើនេះ គឺដើម្បីឈានទៅសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ការកសាងវប្បធម៌គុណភាព និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងពេលអនាគត។
បណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី មានប្រសាសន៍ថា «ការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំរបស់ខ្លួន បណ្ឌិត្យសភា បានធ្វើការបណ្ដុះបណ្ដាល បានចំនួន២០៩វគ្គ សរុបចំនួន២០៩៩៦នាក់ នារី២៥៣៤នាក់ ដោយសម្រេចបាន៨៦%នៃផែនការ»។
ឯកឧត្តមបន្ដថា បណ្ឌិត្យសភានគរបាលកម្ពុជា បណ្ដុះបណ្ដាលធនធានមនុស្ស គិតជាមធ្យមក្នុង១ឆ្នាំ បានចំនួន៤២វគ្គ ដែលមានអ្នកសិក្សាជាមធ្យម ចំនួន៤២០០នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី លើកឡើងទៀតថា លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ បណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបានលទ្ធផល៨០,៩% នៃការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ ក្នុងនោះ លទ្ធផលនៃការអនុវត្តផែនការសកម្មភាពតាមឆ្នាំនីមួយៗ រួមមាន ៖ ឆ្នាំ២០១៥សម្រេចបាន៧៣,៨៩% ,ឆ្នាំ២០១៦សម្រេចបាន ៧៣,៨៥% ,ឆ្នាំ២០១៧ សម្រេចបាន៧៨,២០% ,ឆ្នាំ២០១៨សម្រេចបាន៨២,១០% និងឆ្នាំ២០១៩ សម្រេចបាន៩២,៤០%៕
ដោយ៖កូឡាប