ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥។
មន្ទីរពេទ្យចំនួន ៥នោះរួមមាន ៖ ១) មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង ២)មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង ៣) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង ៤) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង ៥) កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌ នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។
នៅព្រឹកថ្ងៃទី ២៨ កក្កដា នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើ ជូនទៅតំណាងមន្ទីរពេទ្យ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង៕ដោយ៖កូឡាប