មណ្ឌលគិរី៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន បានប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី, ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខេត្តមណ្ឌលគិរី ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង មានចំនួនសរុបប្រមាណ ៥៥០ នាក់ ក្នុងនោះក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ៣០០ នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥០ នាក់ និងក្រសួងបរិស្ថាន ប្រមាណ ២០០ នាក់។ ដោយប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យ ពីផ្កាយរណប ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការវាស់វែង និងចុះបញ្ជីដីរដ្ឋ ដែលនៅសេសសល់តាមការចង្អុលបង្ហាញព្រំដី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ, វាស់វែងនិងប្រមូលទិន្នន័យដី ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែងក្នុងទីតាំងដីរដ្ឋ, ចុះបញ្ជីដីប្រជាពលរដ្ឋដែលកាន់កាប់និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់នៅតាមភូមិ និងដីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី៕
ដោយ៖កូឡាប