សហរដ្ឋអាមេរិច កាលពីថ្ងៃពុធម្សិលមិញ បានធ្វើការបាញ់សាកល្បងប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន ប៉ុន្តែការធ្វើតេស្តនោះបានបរាជ័យ ខណៈដែលមីស៊ីលដែលបាញ់ចេញពីលើគោក មិនអាចស្ទាក់ចាប់មីស៊ីលគោលដៅមួយទៀត ដែលបាញ់ចេញពីយន្តហោះ នៅរដ្ឋហាវ៉ៃ។
មន្ទីរបញ្ចាកោណនៃក្រសួងការពារជាតិអាមេរិច មិនបានទទួលស្គាល់ជាសាធារណៈចំពោះបរាជ័យ នៃការបាញ់សាកល្បងប្រព័ន្ធការមីស៊ីលខ្លួនទេ ចំនែកមន្ត្រីអាមេរិច បានថ្លែងប្រាប់ CNN ថា ការសម្រេចចិត្តនៅរក្សាភាពស្ងៀមស្ងាត់គឺដោយសារតែ ការគិតដល់ការចូលរួមរបស់កូរ៉េខាងជើងក្នុងការប្រកួតកីឡាអូឡាំពិចរដូវរវា និងភាពតានតឹងជាមួយនឹងមេដឹកនាំ គីម ជុងអ៊ុន។
មន្ត្រីក្រសួងការពារជាតិ បានព្យាយាមកំណត់ពីមូលហេតុដែលធ្វើឲ្យការបាញ់សាកល្បងបរាជ័យ ប៉ុន្តែរហូតមកដល់ពីនេះ អ្វីដែលមន្ទីរបញ្ចាកោណអាចនិយាយបានគឺថា ការធ្វើតេស្តសាកល្បងពិតជាកើតមានឡើងមែន។
ការធ្វើតេស្តសាកល្បងប្រព័ន្ធការពារមីស៊ីលអាមេរិច បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា មហិច្ឆតាសម្រេចនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចនឹងគំរាមកំហែងដល់ទឹកដីអាមេរិចនាពេលដ៏ខ្លីខាងមុខ។