មណ្ឌលគីរី៖មន្ត្រីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ត្រូវចាប់ខ្លួនបានហើយកាលពីយប់ថ្ងៃទី៣១ខែមករានេះ។នេះបៃយោងតាមសមត្ថកិច្ចជាន់ខ្ពស់ខេត្តមណ្ឌលគិរី បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចដដែលនេះបានបញ្ជាក់ទៀតថា ដោយឡែកឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ បាននិងកំពុងរត់គេចខ្លួននៅឡើយមិនទាន់ចាប់បាននៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវនិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។
ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។
គួរបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)៕ ដោយ៖បញ្ញាស័ក្តិ