Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ា​ត់ ចំរើន​៖ «​កម្ពុជា​ធ្វើដំណើរ​ដោយ​ស្វាហាប់​ប្រកបដោយ​ក្តីសង្ឃឹម​បំផុត ឆ្ពោះទៅ​ជោគជ័យ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣»

​ភ្នំពេញ​៖ កម្ពុជា​កំពុងធ្វើដំណើរ​ដោយ​ស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយ​ក្តីសង្ឃឹម​បំផុត ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ឲ្យ​ទទួលបាន​ជោគជ័យ នៃ​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ និង​ការរៀបចំ​ក្រុម​ពិសេស សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​នានា​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ត្រូវបាន​ផ្តោតលើ​២​ចំណុច​សំខាន់ គឺ​ទី​១-​បានផ្តល់​ព័ត៌មាន​ជាក់លាក់​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​នានា អំពី ការត្រៀមខ្លួន​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ទី​២ គឺ​ការដាក់ចេញ​នូវ យុទ្ធសាស្ត្រ​រៀបចំ​ក្រុម​ពិសេស​សម្រាប់​ប្រភេទ​កីឡា​នីមួយៗ សម្រាប់ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​សម្រិតសម្រាំង​ក្រុម​ពិសេស​របស់ខ្លួន ដើម្បី​បង្កើន​គុណភាព​កាន់តែ​ខ្ពស់​។​

«​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម គឺ​ហ្គេម​យុទ្ធសាស្ត្រ​នៃ​ការបញ្ជាក់​នូវ​លទ្ធភាព​ចំពោះ​ប្រភេទ​កីឡា​របស់​កម្ពុជា​យើង ដែល​អាច​បន្ត​ចូលទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន ឬ​មិនបាន​ទៅលើ​លទ្ធផល បច្ចេកទេស​នៃ​ស៊ី​ហ្គេម លើក​ទី​៣១ នេះហើយ​។ ចំពោះ​លក្ខណៈពិសេស​ក្នុង​ការត្រៀម​ឆ្ពោះទៅ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយ​កម្ពុជា សហការ​ជាមួយ​អ្នកឯកទេស​ក្រៅប្រទេស​នឹង​រៀបចំ​ក្រុម​ពិសេស ដែល​សំដៅ​សម្រុក​ឆ្ពោះទៅ​គោលដៅ​ដ៏​ធំចម្បង​របស់ខ្លួន ដូចជា​ការត្រៀម​ឆ្ពោះទៅ​ការប្រកួត​អូឡាំពិក​ហ្គេម គឺ​ត្រូវ​ត្រៀម​៤​ឆ្នាំ ហើយ​កម្ពុជា ក្នុងការ​ត្រៀម​ស៊ី​ហ្គេម ២០២៣​នេះ​ក៏​ត្រៀមកម្លាំង​ពិសេស​ដូចគ្នា​ផងដែរ​»​។​

​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣​ចំណុច​សំខាន់ៗ ត្រូវបាន​ឯកឧត្តម​អះអាងថា ទី​១-​សហព័ន្ធ​កីឡា​ជាតិ​មួយ ត្រូវបង្កើត​គោលការណ៍ យន្តការ​ច្បាស់លាស់​មួយ​ផ្តល់​ការគាំទ្រ​ដល់​ក្រុម​នេះ​មាន​ភាពកក់ក្តៅ​ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់ខ្លួន​។ ទី​២-​អភិវឌ្ឍ​បច្ចេកទេស​ដល់​ក្រុម​ពិសេស​នេះ ឲ្យ​មានគុណ​ផល​កីឡា​កាន់តែ​ខ្ពស់​។ ទី​៣-​ត្រូវ​ស្វែងរក​នូវ​មូលនិធិ ដើម្បី​ទ្រទ្រង់ ឧបត្ថម្ភ​គាំទ្រ​ទៅដល់​ក្រុម​ពិសេស​នេះ ដើម្បី​សម្រួច​គោលដៅ​បាញ់​ឆ្ពោះទៅ ស៊ី​ហ្គេម ២០២៣​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បានលើកឡើង​នូវ​ប្រសាសន៍​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត ថោង ខុន ដែល​បានបញ្ជាក់​ហើយ បញ្ជាក់ទៀតថា «​យើង​មិន​ដើរ​ថយក្រោយ​ទេ យើង​ឆ្ពោះទៅមុខ​ជានិច្ច ដោយ​យើង​សហការ​ការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដែល​ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដោយ​ធ្វើយ៉ាងណា​រួមគ្នា​ធ្វើដំណើរ​ដោយ​ស្វាហាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត ជាពិសេស​គឺ​ដំណើរ​ប្រកបដោយ​ក្តី សង្ឃឹម​បំផុត ឆ្ពោះទៅ​ជោគជ័យ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×