ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០បានចេញសេចក្តីប្រកាសព័ត៌មានឲ្យបងប្អូនដែលកំពុងធ្វើសកម្មភាពខុសច្បាប់ទាមទារដោះលែង រ៉ុង ឈុន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់។
ការអំពាវនាវរបស់ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយក្រុមបាននិងកំពុងធ្វើសកម្មភាពប្រមូល និងដើរក្បួនតាមដងវិថីជាដើមទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា សកម្មភាពក្នុងការប្រមូលផ្តុំមនុស្សនៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឱ្យស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ។ ផ្ទុយទៅវិញទង្វើនេះ ជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់អំពីបទល្មើសណាមួយរបស់អង្គអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់នៅចំពោះមុខតុលាការ។ ក្នុងន័យនេះ ជនត្រូវចោទឈ្មោះ រ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែៗ មួយរូប ឬច្រើនរូប ដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមផ្លូវច្បាប់ ស្របតាម នីតិវិធីជាធរមាននៅចំពោះមុខស្ថាប័នតុលាការ។
សលារាជធានីភ្នំពេញនៅថ្ងៃទី៣ សីហានេះ បានចេញសេចក្ដីណែនាំមួយច្បាប់ ចំពោះសកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដី។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយច្បាប់ ដោយបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញមានសកម្មភាពជួបជុំ ប្រមូលផ្ដុំតវ៉ា ទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួន នៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច។
សេចក្ដីណែនាំដដែលបានបន្ថែមថា សកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ាខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់ សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ត្រង់មាត្រា៥ ដែលបានចែងថា “ក្រុមបុគ្គលណា ដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវ ជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬ ខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ៖” ។ ទន្ទឹមនឹងនេះ សកម្មភាពជួបជុំប្រមូលផ្ដុំ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ -១៩ បានអនុវត្តផ្ទុយអំពីវិធានការនានា របស់អង្គការសុខភាពពិភពលោក (WHO), គោលការណ៍សុខភាពសាធារណៈរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំថា រាល់ការជួបជុំប្រមូលផ្ដុំតវ៉ាទាំងអស់ត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការធ្វើ បាតុកម្មដោយសន្តិវិធី និងស្របតាមវិធានការណែនាំនានា ស្តីពីការបង្ការទប់ស្កាត់ការរីករាលដាលការចម្លងវីរុស កូវីដ-១៩ ។ រាល់សកម្មភាពជួបជុំប្រមូលផ្ដុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន៕ ដោយ៖កូឡាប