ប្រទេសថៃ ៖ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ សិលា សូ បានបង្ហោះប្រាប់ឲ្យដឹងថា ស្ត្រីខ្មែរបានស្លាប់នៅក្នុងហេតុការណ៍បាញ់រះដ៏សាហាវមួយ នៅក្នុងកន្លែងលេងល្បែងមួយកន្លែង នៅក្នុងប្រទេសថៃ ដែលបណ្តាលឲ្យស្លាប់មនុស្ស៤នាក់ (ស្រី២ ប្រុស២) កាលពីវេលាម៉ោង ១១ នាទី យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
ដោយឡែក បើតាមគណនីហ្វេសប៊ុកឈ្មោះ Vadthanak Preap បានបញ្ជាក់ប្រាប់បន្ថែមឲ្យដឹងថា ស្ត្រីខ្មែរដែលស្លាប់ដោយបាញ់ប្រហារនៅប្រទេសថៃឈ្មោះ ម៉ៅ ស្រី ពៅ មានអាយុ ២៩ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះធ្វើការនៅកន្លែងលេងល្បែងមួយកន្លែងនៅផ្លូវផារ៉ាម៣ អគារមានកម្ពស់៤ជាន់ តែតុល្បែងលេងនៅជាន់ក្រោមដី (រាមាទី៣)ប្រទេសថៃ ។
មុនកើតហេតុ គេបានឃើញបុរសម្នាក់សង្ស័យជាតម្រួត បានមកលេងល្បែងស៊ីសងនៅទីនោះបើកតុ VIP ក្រោយមកស្រាប់តែពួកគេផ្ទុះជម្លោះ ជាមួយប្រុសដែលអង្គុយលេងនៅតុក្រោយស្រីពៅចែកបៀរ គេសង្ស័យថាជាមន្ត្រីយោធា (ទាហាន) ហើយក៏បាញ់លើបុរសនោះ បណ្តាលឲ្យស្លាប់៣នាក់ ប្រុស២នាក់និង ស្រីម្នាក់ ។
ប្រភពព័ត៌មានពីនារីខ្មែរម្នាក់ដែលធ្វើការនៅទីនោះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រោយកើតរឿង នាងបានទៅដល់ គឺឃើញស្ត្រីរងគ្រោះស្លាប់អង្គុយនៅលើតុល្បែងពោពេញដោយឈាមដាប ហើយនៅពីក្រោយសពនាង មានសាកសពបុរសម្នាក់ និងនៅក្បែរខាងនាង មានសពបុរសម្នាក់ទៀតបានស្លាប់ដែរ ។
ចំណែកជនសង្ស័យប្រភពថា ត្រូវបានគេចខ្លួនចូលបន្ទប់ទឹក ហើយក៏ត្រូវសមត្ថកិច្ចបាញ់ឲ្យស្លាប់នៅក្នុងបន្ទប់ទឹកនោះតែម្តង ដើម្បីបំបាត់ភស្តុតាង ។
ដោយឡែក កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា មូលហេតុនៃការបាញ់ប្រហារមនុស្សនៅកន្លែងលេងល្បែងនេះ គឺផ្តើមចេញពីបុរសជនជាតិចិន ខឹងគេបោកលុយ ហើយក៏បាញ់សម្លាប់ប៉ូលិសម្នាក់ និងស្ត្រី២នាក់ ។ កាសែតថា ក្រោយកើតហេតុ ប៉ុលិសដែលនៅទីនោះចូលទៅមើល ហើយចេញមកវិញ ពេលសារព័ត៌មានដេញសួរ មិនព្រមឆ្លើយតបឡើយ ។
សូមបញ្ជាក់ថា មកទល់នឹងម៉ោងនេះ ក្រុមគ្រួសារសពរបស់ស្ត្រីរងគ្រោះ កំពុងតែស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីនាំយកសពមកធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅប្រទេសកំណើតវិញ ។ តែយ៉ាងណា មន្ត្រីជំនាញកម្ពុជា ហាក់បោះបាល់ដាក់គ្នា ធ្វើឲ្យគ្រួសារសពពិបាកក្នុងការទាក់ទង៕ ដោយ៖ លឹម ហុង