អចលទ្រព្យជាង 30 កន្លែង របស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានរឹបអូស ដើម្បីទូទាត់សំណងចំពោះការខូចខាត ដែលរដ្ឋាភិបាលរបស់លោកស្រីបានបង្កឡើង ក្នុងអំឡុងពេលកម្មវិធីឧបត្ថម្ភថ្លៃអង្ករដ៏ចម្រូងចម្រាស។
នៅថ្ងៃទី ៣១ ខែមករា មេធាវី Noppadol Laothong តំណាងរបស់ អ្នកស្រីយីងឡាក់ បានថ្លែងថា ទ្រព្យសម្បត្តិនេះ រួមមាន៖ ផ្ទះនៅ Soi Nawamin ភាគខាងជើង នៃទីក្រុងបាងកក ដែលអ្នកស្រីយីងឡាក់ បានរស់នៅស្ទើរពេញមួយជីវិតរបស់គាត់មុនពេលភៀសខ្លួនចេញទៅក្រៅប្រទេស កាលពីខែសីហាមិនយូរប៉ុន្មាន មុនពេលតុលាការថៃសម្រេចលើការទទួលខុសត្រូវរបស់អ្នកស្រី ក្នុងកម្មវិធីឧបត្ថម្ភថ្លៃអង្ករអំឡុងពេលអ្នកស្រីជានាយករដ្ឋមន្ត្រី។
នៅក្នុងរបាយការណ៍អ្នកស្រីយីងឡាក់ បានកំណត់ថ្លៃផ្ទះរបស់ខ្លួន ប្រហែល 110 លានបាត (3,5 លានដុល្លារ) ។ នេះគឺជាទ្រព្យសម្បត្តិធំជាងគេ ដែលត្រូវរឹបអូស។
ក្រសួងហិរញ្ញវត្ថុបានផ្តល់ការអនុញ្ញាតនេះ ដោយផ្អែកលើមូលដ្ឋានថា វានឹងផ្តល់សំណងដល់ជនរងគ្រោះនៃកម្មវិធីឧបត្ថម្ភថ្លៃអង្ករ។
ទ្រព្យសម្បត្តិផ្សេងទៀត រួមមាន ៖ ផ្ទះល្វែងមួយចំនួន ដីនៅខាងក្នុងនិងក្រៅទីក្រុងបាងកក ព្រមទាំងគណនីធនាគារ 12 ទៀត។
កាសែតបាងកកប៉ុស្តិ៍បាននិយាយថា ចំនួននៃការខូចខាតនៅក្នុងកម្មវិធីឧបត្ថម្ភថ្លៃអង្ករមានប្រហែល 35 ពាន់លានបាត។ ទ្រព្យសម្បត្តិខ្លះរបស់លោកស្រីយីងឡាក់នឹងត្រូវដាក់ដេញថ្លៃ ដើម្បីទូទាត់សំណងមួយចំនួន។
កាលពីខែមករា រដ្ឋាភិបាលថៃ បានបញ្ជាក់ជាផ្លូវការថា អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានស្ថិតនៅចក្រភពអង់គ្លេសរយៈពេល 4 ខែ។ អ្នកស្រីយីងឡាក់ អាចប្រើលិខិតឆ្លងដែន ដែលចេញដោយបណ្តាប្រទេសផ្សេងទៀត ដោយសារលិខិតឆ្លងដែនថៃទាំងអស់ របស់លោកស្រីត្រូវបានលុបចោល។
ទោះបីជាយ៉ាងណា ក៏ដោយរដ្ឋាភិបាលថៃបាននិយាយថា ខ្លួនមិនមានព័ត៌មានអំពីស្ថានភាពបច្ចុប្បន្នរបស់លោកស្រីយីងឡាក់នៅចក្រភពអង់គ្លេស ក៏ដូចជារឿងថា តើនាងបានដាក់ពាក្យសុំសិទ្ធិជ្រកកោនឬទិដ្ឋាការផ្សេងទៀតនៅក្នុងប្រទេសនេះដែរឬយ៉ាងណា។ គេបានឃើញរូបភាពដែលរីករាលដាល នៅលើអ៊ីនធឺណិតច្រើនសន្លឹក បង្ហាញពីការដើរទិញឥវ៉ាន់របស់អ្នកស្រីនៅទីក្រុងឡុង។
លោកស្រីយីងឡាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារ 5 ឆ្នាំពីបទរំលោភលើកម្មវិធីឧបត្ថម្ភថ្លៃអង្ករ។ មុននេះអតីតនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា នាងគ្មានទោសទេ ហើយនេះគឺជាការកាត់ក្តីនយោបាយ ដែលមានបំណងនយោបាយសំដៅមកលើរូបខ្លួន៕