បន្ទាយមានជ័យ ៖ ឪពុករំលោភកូនស្រីខ្លួនឯងជាច្រើនលើកនៅប្រទេសថៃ តែទើបបែកធ្លាយនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនសំណុំរឿងទៅតុលាការនាថ្ងៃទី១ ខែកុម្ភ: ។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែតនិង កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត ចាំស្ទាក់ចាប់ឃាត់ខ្លួនបុរសនោះបាននៅម៉ោង៩និង១៥នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ខណៈពេលជនសង្ស័យ ឆ្លងពីដីថៃ មកខ្មែរវិញ។
លោកវរសេនីយ៍ ភឿង ម៉ាន់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ៖ ជនល្មើសជាឱពុកនោះមានឈ្មោះឈុន សារុំ អាយុ៣៤ឆ្នាំ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ឯកូនស្រីបង្កើតមានអាយុ១២ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់បង្ខំកូនស្រីបង្កើតរបស់ខ្លួនរំលោភបានសម្រេចជាច្រើនលើក ទាំងនៅស្រុកខ្មែរនិងនៅស្រុកថៃ ក្នុងអំឡុងខែឧសភា រហូតមកដល់ដើមខែធ្នូឆ្នាំ២០១៧ កន្លងមក។
ការប្រព្រឹត្តនោះ ពេលប្រពន្ធមិននៅផ្ទះ ហើយខ្លួនប្រឡែងលេងៗ រហូតមានចំណង់អារម្មណ៍ផ្លូវភេទ ហើយក៏បង្ខំរំលោភកូនស្រីម្តងហើយម្តងទៀត។
លោកឧត្តមសេនីយ៍ សិទ្ធ ឡោះ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌខត្តបន្ទាយមានជ័យអោយដឹងថា ៖ យោងបណ្តឹងរបស់ម្តាយរបស់ក្មេងស្រីជនរងគ្រោះនិង ចម្លើយសារភាពរបស់ជនល្មើសជាឱពុកបង្កើតឈ្មោះ ឈុន សារុំ នេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងនៅថ្ងៃទី០១ ខែកុម្ភៈនេះហើយ៕ ដោយ ៖ បន្ទាយ