ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់បុរីធំៗនៅរាជធានីភ្នំពេញ មានឡានពន្លត់អគ្គិភ័យគ្រប់គ្នា ដោយរដ្ឋបាលរាជធានី នឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីរួចពន្ធ ឡានអគ្គិភ័យទាំងនេះ ដើម្បីបង្ការគ្រោះអគ្គិភ័យនៅក្នុងបុរី ។ កន្លងមកនេះ ឃើញបុរីមួយចំនួន បានធ្វើជាគំរូល្អហើយ នោះគឺបុរីម៉េងហូត និងបុរីនៅកោះពេជ្រ តែងបានចេញឡានទឹក មកជួយអន្តរាគមន៍នៅខាងក្រៅ ពេលមានអគ្គិភ័យកើតឡើងម្តងៗ។ លោកស្នើឲ្យម្ចាស់បុរីធំៗ មានឡានពន្លត់អគ្គិភ័យគ្រប់បុរី ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់គ្រោះអគ្គិភ័យទាំងអស់គ្នា។
ការស្នើបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ នៅ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងបុរី នៅរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យសង្គមជាតិរីកចម្រើន ។ លោកថា ការអញ្ជើញបងប្អូនម្ចាស់បុរីមកនេះគឺ ដើម្បីតម្រង់ទិសឲ្យបុរីនានាឈានទៅរក្សាបានសន្តិសុខ សុវត្ថិភាពកាន់តែប្រសើរថែមទៀត។
លោកអភិបាល ស្នើឲ្យម្ចាស់បុរី អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច រួមសហការគ្នាឲ្យបានល្អ បើសហការបានល្អហើយ នោះក្នុងបុរីនឹងមានសន្តិសុខល្អប្រសើរ។ ផ្ទុយទៅវិញ បើយើងនៅឆ្ងាយពីគ្នា បុរីមួយចំនួននឹងមានបញ្ហាដោយកន្លងមកក្នុងបុរីខ្លះ បង្កើតឲ្យមានបទល្មើស ដូចជាការជួញដូរគ្រឿងញៀន និងការពពោះបង្កើតកូនជំនួសជាដើម។ លោកស្នើឲ្យអាជ្ញាធរបង្កើតទំនាក់ទំនងជាមួយម្ចាស់បុរី ឲ្យបានជិតស្និទ្ធ ជាមួយនឹងការចុះសួរសុខទុក្ខពួកគាត់ជាប្រចាំ ពួកគាត់មានបញ្ហាអ្វី យើងជួយគាត់ភ្លាម។ នៅក្នុងបុរីធំៗត្រូវបំពាក់ទៅកាម៉េរ៉ាសុវត្ថិភាព ហើយត្រូវបញ្ជូនមក ខេមមិនសិនធើរបស់រាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សាជាសម្ងាត់។ អ្វីដែលយើងចង់បាន គឺយើងចង់បានសន្តិសុខល្អក្នុងបុរី។
លោកឃួង ស្រេង បានបន្តទៀតថា ចំពោះផ្លូវសាធារណៈមិនឲ្យដាក់ទួលលើផ្លូវទេ បង្កគ្រោះថ្នាក់ណាស់ តែយើងអាចដាក់គំនូសញ័របាន លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការងារនេះ តែបើនៅក្នុងបុរីអាស្រ័យលើម្ចាស់បុរីយើងមិនមានការបង្ខិតបង្ខំនោះទេ។
លោកឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូននៅក្នុងបុរី និងដើម្បីរកចំណូលឲ្យខាងបុរីផងដែរ ជាមួយសន្តិសុខល្អប្រសើរនេះឯង ។ កាលបើបុរីរកចំណូលបានច្រើន នោះក៏មានថវិកាច្រើនក្នុងការបង់ពន្ធចូលរដ្ឋបានច្រើនផងដែរ។ លោកក៏បានស្នើឲ្យម្ចាស់បុរី ដែលមិនមានច្បាប់សន្តិសុខឯកជន ត្រូវទៅបំពេញច្បាប់ ។ បុរីក៏ត្រូវមានសណ្តាប់ធ្នាប់ រៀបចំប្រព័ន្ធចរាចរណ៍ឲ្យបានល្អជៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៅរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា នៅភ្នំពេញមានភា្នក់ងារសន្តិសុខឯកជនចំនួន១២០៦៨នាក់ ក្នុងនោះក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន កំពុងដំណើរការមានចំនួន ១៩១ក្រុមហ៊ុន មានភ្នាក់ងារសន្តិសុខឯកជនចំនួន ៦៣៨៨នាក់ស្មើនឹង១៤៣៦គោលដៅ ។ សហគ្រាសគ្រឹះស្ថាន៨៨២ គ្រឹះស្ថាន មានភ្នាក់ងារសន្តិសុខឯកជនចំនួន៥៦៨០នាក់ស្មើនឹង ៨៨២គោលដៅ ។ លោកបន្តថា ភ្នាក់ងារសន្តិសុខឯកជននេះ បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារថែរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងទ្រព្យសម្បត្តិអាយុជីវិតប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលទាំងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គាំទ្រគាំពារនូវវិស័យសន្តិសុខឯកជន ជាពិសេសភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ ដល់កម្លាំងនគរបាលជាតិ ក្នុងការរួមចំណែកថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនសង្គមជាតិ។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា ចំពោះការងារប្រតិបត្តិការ ក្រុមការងារទទួលបានទិន្នន័យបុរី នៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានចំនួន១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែង បានត្រឹមតែ១២៥បុរីតែប៉ុណ្ណោះ ដោយបុរីមួយចំនួនបានបោះបង់ និងមួយចំនួនទៀត កំពុងសាងសង់មិនបានប្រើប្រាស់ភ្នាក់ងារឯកជន ហើយក្នុងចំនួន១២៥បុរីនេះ មានចំនួនខ្នងផ្ទះចំនួន៧០.១៦២ខ្នង លើផ្ទៃដី៣.៧៩១ហិកតា និងមានភ្នាក់ងារសន្តិសុខឯកជនចំនួន១.១៨២នាក់៕
ដោយ៖កូឡាប