ទង្វើដ៏កតញូរបស់បុរសម្នាក់ដែលពិការដៃទាំងសងខាង បានធ្វើឲ្យមហាជននៅក្នុងមន្ទីរពេទ្យ និងក៏ដូចអ្នកប្រើប្រាស់អ៊ិនធឺណិត ក្តុកក្តួលរំជួលចិត្ត និងកោតសរសើរយ៉ាងខ្លាំង នៅពេលគេបានឃើញគាត់មើលថែម្តាយរបស់គាត់យ៉ាងយកចិត្តទុកដាក់បំផុត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងទីក្រុង Enshi ខេត្ត Hubei ប្រទេសចិន។
ថ្វីត្បិតគាត់ពិការដៃក៏ពិតមែន តែជារៀងរាល់ថ្ងៃ គេបានសង្កេតឃើញគាត់ធ្វើសកម្មភាពបម្រើទឹកក្តៅទឹកត្រជាក់ ផ្តល់ថ្នាំពេទ្យ បញ្ចុកអាហារ និងធ្វើរឿងជាច្រើនទៀត ជូនម្តាយរបស់គាត់ ជាមួយតែនឹងជើង ដោយពុំគិតពីការនឿយហត់ឡើយ។
កូនប្រុសដ៏ល្អរូបនេះមានឈ្មោះ Chen Zifang អាយុ ២៩ ឆ្នាំ ដែលត្រូវបានដឹងថា ពិការដៃទាំងសងខាងតាំងពីកំណើតមកម្លេះ រស់នៅក្នុងភូមិ Xujiawan ទីក្រុង Enshi ខេត្ត Hubei ។ នៅពេល Chen អាយុ ៩ ឆ្នាំ ឪពុករបស់គាត់បានស្លាប់ដោយសារជំងឺធ្ងន់ធ្ងរមួយ ។ ចាប់តាំងពីពេលនោះមក ម្តាយរបស់គាត់បានតស៊ូការលំបាកគ្រប់បែបយ៉ាង ដើម្បីចិញ្ចឹមគាត់ និងបងប្រុសគាត់ម្នាក់ទៀត។
បើទោះទទួលឥទ្ធិពលពីកាយសប្បទាមិនល្អដូចគេបែបនេះក្តី តែ Chen ពុំដែលបោះបង់ចោលការស្វែងរកជីវិតឲ្យប្រសើរឡើយ។ នៅអាយុ ៤ ឆ្នាំ គាត់បានចាប់ផ្តើមអនុវត្តក្រោកឈរ នៅពេលសមាជិកគ្រួសារអវត្តមាន ប៉ុន្តែវាពិបាកក្នុងការរក្សាតុល្យភាពដោយគ្មានដៃ ហើយគាត់បានដួលជាញឹកញាប់ដោយមានស្នាមជាំច្រើន។
លុះពេលគាត់ធំឡើង គាត់មិនចង់រង់ចាំទទួលការបម្រើទៀតទេ។ ជាមួយនឹងភាពរីករាយដ៏អត់ធ្មត់លោក Chen បានអនុវត្តការងារផ្ទះ និងពលកម្មសាមញ្ញៗ ដោយប្រើជើងរបស់គាត់។ បន្ទាប់ពីបងប្រុសរបស់គាត់បានបង្កើតគ្រួសារផ្ទាល់ខ្លួនហើយ Chen ក៏បានក្លាយជាអ្នកថែរក្សាដ៏សំខាន់សម្រាប់ម្តាយរបស់គាត់។
បើទោះជាស្ថានភាពជំងឺម្តាយ បានប្រសើរច្រើនយ៉ាងណាក៏ដោយ ក៏ Chen នៅតែមានការព្រួយបារម្ភពីសុខភាពរបស់គាត់ និងបម្រើម្តាយជាប់ជានិច្ច រហូតទាល់តែម្តាយរបស់គាត់មានសុខភាពល្អប្រសើរទាំងស្រុង។
រឿងរ៉ាវរបស់ Chen បានធ្វើឱ្យមហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ អ្នកលេងអ៊ីនធឺណេតបានលើកឡើងថា “មនុស្សដែលមានភាពកត្តញូដូចជារូបគាត់ នឹងមិនត្រូវបានធ្វើឲ្យរុញរាដោយការលំបាកនេះទេ” ហើយពួកគេក៏បានជូនពរគាត់ប៉ងប្រាថ្នាអ្វីៗឲ្យដូចបំណង និងមានជីវិតដ៏ប្រសើរផងដែរ៕ ដោយ៖ លឹម ហុង