ប៉ូលីសនៅ Mississippi បានប្រកាសថាបានចាប់ខ្លួនស្រ្តី២នាក់ ដែលមានកូនតូចម្នាក់នៅក្នុងរថយន្តរបស់ពួកគេ ជាមួយថ្នាំញៀនហេរ៉ូអ៊ីនតម្លៃ ១០ លានដុល្លារ ។
ប៉ូលីសនិយាយថា កងកម្លាំងហាមឃាត់គ្រឿងញៀនស្រុក Rankin បានរឹបអូសហេរ៉ូអ៊ីនដ៏ច្រើន នៅលើផ្លូវ Intersate 20 ។
ប៉ូលីសនិយាយថា នៅវេលាម៉ោង ៩ និង ១៥ នាទីយប់ មន្រ្តីប៉ូលីសបានសំដៅទៅកាន់រថយន្ត Ford SUV ពណ៌ស១គ្រឿង នៅផ្លូវ Interstate 20 ក្នុងស្រុក Rankin ដើម្បីដោះស្រាយរឿងបើកបររំលោភច្បាប់ចរាចរណ៍ ។
ក្នុងអំឡុងឈប់ចរាចរណ៍ ស្រ្តី២នាក់បានផ្តល់ការអនុញ្ញាតឲ្យមន្រ្តីឆែកឆេរក្នុងរថយន្ត SUV របស់ពួកគេ ។ ប៉ូលីសបានរកឃើញហេរ៉ូអ៊ីន ៥១ ផោន បង្កប់នៅក្នុងរថយន្ត ។
អ្នកបើកបរម្នាក់មានឈ្មោះថា Arlene Viridiana Moya អាយុ ២៣ ឆ្នាំ រស់នៅ Nuevo Laredo, ប្រទេសម៉ិចស៊ីកូ ។
អ្នកដំណើរ និងម្ចាស់រថយន្តដែលមានឈ្មោះថា Trisha Lynne Ibarra មកពី Laredo, រដ្ឋតិចសាស់ ។ Ibarra មានកូនអាយុ ៣ ខែ ដែលកំពុងនៅក្នុងរថយន្ត ។
Moya និង Ibarra ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរហេរ៉ូអ៊ីនដ៏ធំ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារស្រុក Rankin ខណៈកូនតូចរបស់ Ibarra ត្រូវបានតុលាការបង្គាប់ឲ្យប្រគល់ជូនមន្ទីរថែទាំកុមារ ៕ ចន្ទី