Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស្នើ​ឲ្យ​ពិនិត្យ​ចំណុច​ខ្វះខាត ដែល​ត្រូវ​កែលម្អ និង​ពង្រឹង​បន្ថែម ដើម្បី​ឲ្យ​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស របស់​ក្រសួង​ស្ថាប័ន​រាជធានី​-​ខេត្ត បាន​បន្តសកម្មភាពរ​បស់​ខ្លួន​ទៅតាម​ទិសដៅ​គ្រោងទុក ហើយ​សម្តេច បានស្នើ​ឲ្យ​ពិនិត្យ​ពិភាក្សា​លើ​ចំណុច​ខ្វះខាត ដែល​ត្រូវ​កែលម្អ និង​ពង្រឹង​បន្ថែម ដើម្បី​ឲ្យ​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែសីហា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺជា​ការប្រជុំ​ឆមាស​ទី​១ របស់​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​ធ្វើ​សេចក្តីរាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង ស្ថាប័ន អង្គ​ភាពជា​សមាជិក ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ ២០២០​។

​លើសពីនេះទៅទៀត សម្តេច​ក្រឡាហោម បាន​បន្តថា យើង​នឹង​ពិនិត្យ​ពិភាក្សា​លើ​ចំណុច​ខ្វះខាត ដែល​ត្រូវ​កែលម្អ និង​ពង្រឹង​បន្ថែម ដើម្បី​ឲ្យ​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត សម្រាប់​ជា​ប្រយោជន៍​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​

​សូមជម្រាបថា យោងតាម​របាយការណ៍​សង្ខេប​សម្រាប់​កិច្ចប្រជុំ​ឆមាស​ទី​១ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ឲ្យ​ដឹងថា សកម្មភាព​លទ្ធផល និង​ភាព​ប្រឈម និង​ទិសដៅ ដែល​គណៈកម្មាធិការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ប្រឹងប្រែង​អនុវត្ត​កន្លងមក មាន​ដូចខាងក្រោម​៖

​ទី​១-​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស របស់​ក្រសួង​ស្ថាប័ន​រាជធានី​-​ខេត្ត បាន​បន្តសកម្មភាពរ​បស់​ខ្លួន​ទៅតាម​ទិសដៅ​គ្រោងទុក បើទោះបីជា​បាន និង​កំពុងតែ​ប្រឈម​នឹង​សភាពការណ៍​វិ​វត្ត​ថ្មី ដែល​មិនអាច​ប៉ាន់ស្មាន​បាន ពាក់ព័ន្ធ​នឹង​ស្ថានភាព​ប្រែប្រួល​នៃ​សេដ្ឋកិច្ចពិភពលោក និង​បន្ថែម​ដោយ​វិបត្តិ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​ទី​២-​ចាប់ពី​ខែមីនា ឆ្នាំ​២០២០ ក្រសួង​ស្ថាប័ន និង​រាជធានី​-​ខេត្ត បាន​ប្ដូរ​ទិសដៅ​ការងារ ផ្ដោត​ការយកចិត្តទុកដាក់​ប​ន្តែ​ម​ទៅលើ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ ដែលជា​ភាព​ប្រឈម​ថ្មី និង​ដែល​ជះឥទ្ធិពល​ដល់​ការអនុវត្ត​សកម្មភាព​គ្រប់​វិស័យ​ធ្វើ​ឲ្យ​រាំងស្ទះ​ដោយ​អន្លើ និង​ត្រូវ​បន្ថែម​ភារកិច្ច​ក្នុងការ​ដោះស្រាយ ទប់ស្កាត់​ផលប៉ះពាល់ លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​ត្រឡប់​ពី​ប្រទេសក្រៅ ដែលមាន​ចំនួន​ច្រើន​លើសលប់ និង​ភាគច្រើន​ជា​អ្នក​ដែល​ខ្វះ​លទ្ធភាព​ក្នុងការ​ទ្រទ្រង់​ជីវភាព ហើយ​ងាយ​រងគ្រោះ​។​

​ទី​៣-​អាជ្ញាធរ សមត្ថកិច្ច និង​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្នាក់ក្រោម​ជាតិ និង​អង្គការ​ដៃគូ បានធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ប្រចាំការ​នៅតាម​ព្រំដែន​ទទួល​សង្គ្រោះ​ពលករ​ដែល​វិលត្រឡប់​តាម​ច្រក​មិន​ផ្លូវការ​ទាំងយប់​ទាំង​ថ្ងៃ ពិនិត្យ​កម្ដៅ និង​សុខភាព អនុវត្ត​គោលការណ៍​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល ផ្ដល់​អាហារ ត្រៀម​មធ្យោបាយ​ដឹកជញ្ជូន ឲ្យ​បាន​ដល់​លំនៅដ្ឋាន​។​

​និង​ទី​៣-​បន្ត​តាមដាន​ស្ថានភាព​សុខភាព ជីវភាព និង​ផ្ដល់​សេវា​តាម​តម្រូវការ​ផ្សេងៗ និង​បន្ត​តាមដាន​ស្ថានភាព នៅពេល​ធ្វើ​សមាហរណកម្ម​ទៅក្នុង​សហគមន៍​ដែល​ពួកគាត់​រស់នៅ​៕​

ដោយ៖កូឡាប

       

×