ការស៊ើបអង្កេតទៅលើការផ្ទុះឃ្លាំងរំសេវនៅកំពង់ផែទីក្រុង Beirut នៃប្រទេសលីបង់ គឺគ្មានអ្វីក្រៅពីផ្តោតលើអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោន ដែលជាសារធាតុគីមីផ្ទុះខ្លាំង ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងនេះអស់រយៈពេល ៦ ឆ្នាំ។
ការផ្ទុះដ៏មហាធំធេងនេះ បានវាយប្រហារសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់ពាន់នាក់ទៀត រងរបួស។ អគារត្រូវបានខូចខាតរាប់សិបគីឡូម៉ែត្រជុំវិញទីក្រុង។
អភិបាលក្រុងលោក Marwan Abboud បានឱ្យដឹងថា ប្រជាជនលីបង់រហូតដល់ទៅ ៣០០.០០០ នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយសារតែត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរ នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនេះ នៅជាប់តំបន់ឆ្នេរនៃទីក្រុង Beirut កាលពីថ្ងៃអង្គារ។
ទន្ទឹមនេះផងដែរ ដើម្បីចូលចូលរួមកាន់ទុក្ខ នៅក្នុងសោកនាដកម្មដ៏ខ្លោចផ្សារនេះ តារាចម្រៀងស្រីជនជាតិអាមេរិក Selena Gomez បានឧបត្ថម្ភនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ១០ លានដុល្លារ ដល់ជនរងគ្រោះទាំងអស់ ដោយសារការផ្ទុះឃ្លាំងស្តុករំសេវដ៏កក្រើកពិភពលោកនេះ។
Selena ក៏បានភ្ជាប់សារនិយាយយ៉ាងរំជួលចិត្តថា៖ «ខ្ញុំមើលព័ត៌មាននេះហើយភ្លាមៗ គឺធ្វើឲ្យខ្ញុំស្លុតរន្ធត់ខ្លាំងណាស់ ខ្ញុំមិនអាចជួយអ្វីបានច្រើនទេ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើរួមគ្នាជួយគ្នា យើងអាចស្តារការខូចខាតបាន»។ នាងបន្ថែមទៀតថា៖ «គ្មានអ្វីដែលត្រូវសង្ស័យនោះទេ តែវាជាក្តីអាណិត និងក្តីស្រឡាញ់ ដែលយើងតែងតែជួយដល់អ្នកដទៃ មិនថាមានរឿងអ្វីកើតឡើងឡើយ» ៕ ដោយ៖ លឹម ហុង