ប៉ូលិសថៃ បានចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់ ដែលមានរបៀបរស់នៅហ៊ឺហារ នៅព្រះវិហារមួយនៅខេត្ត Kalasin ភាគឦសានថៃ។
យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានឱ្យដឹងថា ជនល្មើសជ្រកក្រោមស្លាកជាព្រះសង្ឃមួយអង្គ ត្រូវបានចាប់ខ្លួនដោយប៉ូលិស អំឡុងពេលជួញដូរគ្រឿងញៀនរួមជាមួយព្រះសង្ឃដទៃទៀត នៅអារ៉ាមដ៏ល្បីល្បាញមួយក្នុងស្រុក Yang Talat ខេត្ត Kalasin ភាគឥសាន ប្រទេសថៃ កាលពីថ្ងៃទី 30 ខែមករា។
ជនល្មើសបន្លំជាសង្ឃ និងរថយន្តទំនើប BMW ត្រូវបានចាប់ទុក
ប៉ូលិសបានរឹបអូសគ្រឿងញៀន 8.400 កញ្ចប់ ដែលមានតម្លៃ 1,6 លានបាត (ប្រហែល 51.000 ដុល្លារ) គ្រឿងញៀនទឹកកក 33 ក្រាមមានតម្លៃ 66.000 បាត (ប្រហែល 2.100 ដុល្លារ) និងកញ្ឆា 110 ក្រាម ។ លើសពីនេះទៀតប៉ូលីសបានរឹបអូសកាំភ្លើងខ្លីបីដើម ឧបករណ៍ប្រើគ្រឿងញៀន និងរថយន្ត BMW ដែលបានចុះបញ្ជីនៅក្នុងទីក្រុងបាងកក ក្នុងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើលនេះ។
នគរបាលបាននិយាយថា ព្រះសង្ឃដែលបានចាប់ខ្លួន បានប្រើប្រាស់រថយន្ត BMW ដើម្បីដឹកគ្រឿងញៀនទៅឱ្យអ្នកពួកអ្នកញៀន ក្នុងទីក្រុង និងជាតួអង្គលេចធ្លោ នៅក្នុងការជួញដូរគ្រឿងញៀន ពីតំបន់ភាគឦសាន ទៅទីក្រុងបាងកក។ បន្ថែមពីលើព្រះសង្ឃនេះ ប៉ូលិសនៅបានស្វែងរក និងចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធចំនួន 8 នាក់ផងដែរ។
ប៉ូលីសថៃនិយាយថា ជនសង្ស័យបានចូលរួមជាមួយបព្វជិតនិងស្លៀកពាក់ជាព្រះសង្ឃនៅក្នុងខេត្ត Kalasin ដែលជាស្រុកកំណើតរបស់គាត់ផងដែរ ដើម្បីបិទបាំងជីវិតជាមេគ្រឿងញៀនម្នាក់។ ការជួញដូរគ្រឿងញៀនខុសច្បាប់នេះបានធ្វើឲ្យសង្ឃក្លែងក្លាយនេះ មានជីវភាពខ្ពស់ ហ៊ឺហារ និងលុយក្នុងធនាគារមានប្រមាណជាង 10 លានបាត (318.000 ដុល្លារ) ៕