ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងដ៏គួរឲ្យអាណិតអាសូរខ្លោចចិត្តមួយ ដោយទារិកាម្នាក់ត្រូវបានកម្មករប្រមូលសំរាម បានប្រទះឃើញនៅលើគំនរសំរាម ស្ថិតនៅជាប់នឹងបង្គោលភ្លើងមួយកន្លែង ជិតមជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយពុំគេពុំដឹងថា ឪពុកម្តាយចិត្តអប្រិយរូបណា យកគ្នាមកបោះចោលបែបនេះតាំងពេលនោះទេ។
ទោះយ៉ាងណា ទារិកានេះ ពិតជាជីវិតថ្លៃណាស់ ដែលនៅមានជីវិត ហើយត្រូវបានប្តីប្រពន្ធចិត្តធម៌មួយដែលជាអ្នករស់នៅក្បែរនោះ សម្រេចចិត្តយកទៅចិញ្ចឹមចាត់ទុកដូចពៅបង្កើត ហើយពួកគាត់ពិតជារំភើបត្រេកអរ លាយឡំនឹងទឹកភ្នែកដ៏រំជួលចិត្តបំផុត ព្រោះតែអាណិតខ្លាំងពេក។
មកទល់ពេលនេះ ឃើញថា ទារិកាដ៏មានសំណាងនេះ កាន់តែមានសាច់ឈាមស្រស់ថ្លាពីមួយថ្ងៃទៅមួយថ្ងៃ និងមានមុខមាត់ស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំងមែនទែន បន្ទាប់ពីត្រូវបានយកទៅមើលថែយ៉ាងល្អ ពីសំណាក់ប្តីប្រពន្ធខាងលើ ខណៈមានបងប្អូនសប្បុរសធម៌មួយចំនួន ដែលមានក្តីអាណិត បានឧបត្ថម្ភនូវថវិកាមួយចំនួន និងសម្ភារៈប្រើប្រាស់សម្រាប់ទារិកាផងដែរ។
យ៉ាងណាមិញ ក្រោយទទួលបានដំណឹងដ៏រំជួលចិត្តនេះ តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱកសុគន្ធកញ្ញា និងស្វាមី បានចុះទៅជួបទារិកានោះដោយផ្ទាល់ នៅផ្ទះឪពុកម្តាយចិញ្ចឹមរបស់ទារិកានោះ និងព្រមទាំងទាំងបានជូនជាថវិកាមួយចំនួន និងសម្ភារៈប្រើប្រាស់សម្រាប់ទារិកា ទៅដល់ពួកគាត់ ដើម្បីជួយសម្រាលនៅក្នុងការចំណាយបានខ្លះ នៅក្នុងការមើលថែទារិកាដ៏អភព្វម្នាក់នេះ។
នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ពូ ឈីវ បានធ្វើការបង្ហោះរូបភាព និងភ្ជាប់សារមួយឃ្លារៀបរាប់យ៉ាងដូច្នេះថា៖ «សូមអរគុណដល់បងស្រី ឱកសុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស សន្តោសប្រណី ជួយឧបត្ថម្ភដល់កូន ធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន»៕ ដោយ៖ លឹម ហុង