Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តា​មេដឹកនាំ​ពិភពលោក​រៀបចំ​ជំនួប​កំពូល​ស្តីពី​ជំនួយ​សម្រាប់​ប្រទេស លី​បង់​ (វីដេអូ)

​ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ធំៗ​បានរៀបចំ​កិច្ចពិភាក្សា ​ស្តីពី​ការកៀងគរ​ស្វែងរក​ជំនួយ​សម្រាប់​ទីក្រុងប៊ៃ​រូត ប្រាំ​ថ្ងៃ​បន្ទាប់ពី​ការផ្ទុះ​ដ៏​មហិមា​ដែល​បាន​បំផ្លិចបំផ្លាញ ទីក្រុង ប៊ៃ​រូត​។ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា គាត់​ក៏​គ្រោង​ចូលរួម​ក្នុងការ​កោះប្រជុំ​នេះដែរ​។

​ក្រុមមន្ត្រី​ជាច្រើន​ប៉ាន់ប្រមាណ​ថា ការផ្ទុះ​នៅក្នុង​ឃ្លាំង​ដែល​ស្តុក​ទុក​សារធាតុ អា​មូ​ញ៉ូ​ម នីត្រាត មាន​ទម្ងន់​២​ពាន់​តោន​នេះ បណ្តាល​ឲ​មានការ​ខូចខាត​គិត​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​។ ហើយ​ការផ្ទុះ​ខាងលើនេះ​ធ្វើ​ឲ​មនុស្ស​១៥៨​នាក់​ស្លាប់ ៥​ពាន់​នាក់​របួស និង មនុស្ស​៣០​មុឺ​ន​នាក់​ផ្សេងទៀត​បាត់បង់​ផ្ទះសំបែង​។​

​កាលពី​ថ្ងៃ សៅរ៍ មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ ហើយ​ក្រុមប៉ូលិស​បាន​បំបែកហ្វូង​បាតុករ​ដោយ​ការប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់លើ​ក្រុមប្រឆាំង​តវា​៉​ដែល​បាន​ប្រើ​ដុំថ្ម​គប់​សំដៅ​មក​ក្រុម​ប៉​លី​ស​មិនតែប៉ុណ្ណោះ​ក្រុមបាតុករ​ផ្សេងទៀត​ក៏បាន​លុកលុយ​ចូលកាន់​កាប់​តាម​បណ្តា​ក្រសួង​រដ្ឋាភិបាល​ផងដែរ​។ នៅក្នុង​សន្ទរកថា​ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍ លោកនាយក​រដ្ឋមន្ត្រី លី​បង់ ហាសាន់ ឌី​យ៉ាប់ បានស្នើ​សុំ​ឲ​មានការ​រៀបចំ​បោះឆ្នោត​ជាបន្ទាន់​មួយ ចំណែក​ការពិភាក្សា​នឹងធ្វើ​ឡើង​ក្នុងគណ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ ច័ន្ទ​។​
​ប្រទេស លី​បង់ បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​រួចស្រេច​ទៅហើយ​និង​ថែមទាំង​កំពុងតែ​ដោះស្រាយ​ជាមួយ​បញ្ហា​រោគរាតត្បាត កូ​វីត​១៩ ទៀតផង​ដែរ មុនពេល​ការផ្ទុះ​ដ៏​កក្រើក​ក្នុង​ទីក្រុង ប៊ៃ​រូត​។​

​ចលនា​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្ទុះឡើង​កាល​ខែតុលា​ឆ្នាំមុន ក្រោយ​ការធ្លាក់​ដុនដាប​ផ្នែក​សេដ្ឋកិច្ច​និង​ការធ្លាក់ចុះ​នៃ​រូបិយវត្ថុ​របស់ខ្លួន​។​

​លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នូ​អ៊ែ​ល ម៉ា​ក្រុង បាន​ទស្សនកិច្ច​ទីក្រុង ប៊ៃ​រូត កាល​ថ្ងៃ ព្រហស្បតិ៍ ហើយ​គាត់​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា នឹង​សម្របសម្រួល​ដើម្បី​ផ្តល់ជំនួយ​ដល់​ប្រទេស​នេះ​។​

​សេចក្តីថ្លែងការណ៍​ពី​វិមាន​ប្រធានាធិបតី​បារាំង​បាន​និយាយថា សន្និសីទ​នៅ​ថ្ងៃ អាទិត្យ នឹងមាន​បំណង​ធ្វើជា​ដៃគូ​លក្ខណៈ​អន្តរជាតិ​ដ៏​សំខាន់​របស់​ប្រទេស លី​បង់ ហើយ​និង​ធ្វើការ​សម្របសម្រួល​គាំទ្រ​ជាបន្ទាន់​មួយ​ពី​បណ្តា​សហគមន៍​អន្តរជាតិ​។​

​អ្នកតំណាង​មកពី​សមាជិក​សហព័ន្ធ​ទ្វីប​អ៊ឺរ៉ុប ចិន រុស្ស៊ី អេ​ហ្ស៊ី​ប ហ្ស​ក​ដង់ និង ចក្រភព​អង់គ្លេស និង បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​នឹងត្រូវ​បាន​គេ​អញ្ជើញ​ឲ​ចូលរួម​ផងដែរ​។ ដោយឡែក​លោក ប្រធានាធិបតី អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​តាម​បណ្តាញ​សង្គម ធ្វី​ត​ធើ ថា លោក​ក៏​នឹង​គ្រោង​ចូលរួម​ផងដែរ​៕
ប្រភព​: BBC
​ដោយ​៖ វិច្ឆិកា​

×