តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ករណីអំពើឃាតកម្មបាញ់ប្រហារយ៉ាងសាហាវ នៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងទីក្រុងបាងកក កាលពីវេលាម៉ោងជាង ១១ យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះមានស្ត្រីខ្មែរម្នាក់ជាអ្នកចែកបៀរឈ្មោះ ម៉ៅ ស្រីពៅ បានឈានដល់ការចាប់ខ្លួនជនល្មើសហើយ ដែលជាបុរសវ័យចំណាស់ម្នាក់។
យោងតាមប្រភពព័ត៌មាន ជនល្មើសមានឈ្មោះ Pipit Srisuwan ឬហៅ Boy Ban Krua អាយុ ៦១ ឆ្នាំ។ ជនរូបនេះត្រូវបានគេដឹងថាមានប្រវត្តិសម្លាប់មនុស្ស និងញៀនល្បែងតាំងពីក្មេងមកម្ល៉េះ ហើយតែងតែមកលេងល្បែងនៅកាស៊ីណូរ៉ាម៉ា៣ (កន្លែងកើតហេតុ) ជាប្រចាំ។
លោកវរសេនីយ៍ទោ Phakphong Phongphetra មេបញ្ជាការប៉ូលិសក្រុង បានប្រាប់ឲ្យដឹងថា កម្លាំងរបស់លោកបានធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្រោយហេតុការណ៍នេះបានកើតឡើង ហើយទីបំផុត នៅព្រឹកថ្ងៃទី៨ ខែសីហា ជនល្មើសត្រូវបានចាប់ខ្លួន បន្ទាប់ពីទៅសម្ងំលាក់ខ្លួននៅតំបន់ដាច់ស្រយាលមួយ នៅភាគខាងត្បូងនៃទីក្រុងបាងកក។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ប៉ូលិសបាននាំជនសង្ស័យទៅកាន់ទីកន្លែងកើតហេតុ ដើម្បីធ្វើត្រាប់សកម្មភាពដែលខ្លួនបានប្រព្រឹត្តឡើងវិញ ។ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើរឿងទាំងអស់នេះមែន តែគេធ្វើបែបនេះ គឺព្រោះតែបាញ់ការពារខ្លួនតែប៉ុណ្ណោះ ហើយមូលហេតុ គឺផ្ដើមចេញមកពីជំពាក់លុយ។
ទោះយ៉ាងណា លោក Phakphong ពុំបានបញ្ជាក់លម្អិតអំពីករណីលោក Boy ធ្វើសកម្មភាពនៅក្នុងកាស៊ីណូនេះទេ ព្រោះតែពេលនេះ កំពុងបើកការស៊ើបអង្កេតស៊ីជម្រៅបន្ថែម និងប្រកាសដល់អ្នកសារព័ត៌មាននៅពេលក្រោយ៕ ដោយ៖ លឹម ហុង