ភ្នំពេញ៖ ពលរដ្ឋប្រហែល៥០នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ នៅខេត្តត្បូងឃ្មុំជិត១០ឆ្នាំ រកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ជួយដោះស្រាយវិវាទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានថា ការទាមទាររបស់តំណាងខាងលើ ពុំមានមូលដ្ឋាន និងធ្វើឡើងដោយមានការញុះញង់ បំផុសបំផុល បង្កឱ្យប៉ះពាល់ដល់សន្តិសុខ ហើយក្រសួងបញ្ជាក់ថា ក្នុងឆ្នាំ ២០១១- ២០១២ ប្រជាពលរដ្ឋ ចំនួន ២១៣ គ្រួសារ រស់នៅក្នុងភូមិស្រែប្រាំង និងប្រជាពលរដ្ឋចំនួន ៧៨ គ្រួសារ រស់នៅក្នុងភូមិបុស្សឆ្នោរ ឃុំ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានព្រមព្រៀងលក់ដីក្នុងទីតាំងខាងលើ ទៅឱ្យក្រុមហ៊ុនហាមីនីវីនអ៊ីនវេសមេន ដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះ ថា លីដា, ហ៊ាង សុខហាន , សុត នុន និងឈ្មោះ យេន នេន បានអះអាងថា ខ្លួនជាតំណាងប្រជាពលរដ្ឋ ១២៨ គ្រួសារ រស់នៅភូមិស្រែប្រាំង និងភូមិបុស្សស្មេរ ឃុំ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមក ដាក់ពាក្យសុំអន្តរាគមន៍ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទាមទារ ដីព្រៃសហគមន៍ទំហំ ១ ២៣០ ហិកតា ស្ថិតក្នុងភូមិស្រែប្រាំង និង ភូមិបុស្សឆ្នោរ ឃុំ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា ក្នុងឆ្នាំ ២០១១- ២០១២ ប្រជាពលរដ្ឋ ចំនួន ២១៣ គ្រួសារ រស់នៅក្នុងភូមិស្រែប្រាំង និងប្រជាពលរដ្ឋចំនួន ៧៨ គ្រួសារ រស់នៅក្នុងភូមិបុស្សឆ្នោរ ឃុំ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានព្រមព្រៀងលក់ដីក្នុងទីតាំងខាងលើ ទៅឱ្យក្រុមហ៊ុនហាមីនីវីន អ៊ីនវេសមេន ដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ។
ក្នុងអំឡុងពេលអនុវត្តបទបញ្ជាលេខ០១បប រាជរដ្ឋាភិបាល បានសម្រេចចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិស្រែប្រាំង និងភូមិបុស្សឆ្នោរចំនួន ៤៨៣ គ្រួសារ ស្មើនឹង ១.៥៥១ ក្បាលដី មានទំហំ ២ ៥៦៣ ហិកតា លើចំណែកដីដែលពួកគាត់ មិនបានលក់ឱ្យក្រុមហ៊ុនហាមីនីវីន អ៊ីនវេសមេន រីឯក្រុមហ៊ុនហាមីនីវីន អ៊ិនវេសមេន ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យចុះបញ្ជី ជាកម្មសិទ្ធិ ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ លេខ ២៥០១០៧០៧-១១៥៧, លេខ ២៥០១០៧០៧-១១៥៨, លេខ ២៥០១០៧០៧-១១៥៩ និងលេខ ២៥០១០៧០៤០៣៨៣ លើចំណែកដីដែលបានទិញពីប្រជាពលរដ្ឋនោះផងដែរ។ ការទាមទាររបស់តំណាងខាងលើ ពុំមានមូលដ្ឋាន និងធ្វើឡើងដោយមានការញុះញង់ បំផុសបំផុល បង្កឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕ ដោយ៖កូឡាប