នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានអនុម័តផែនការដាក់ពង្រាយយន្តហោះប្រយុទ្ធនៅលើកោះដែលមានជម្លោះនៅជិតប្រទេសជប៉ុន។
ការផ្លាស់ប្តូរនេះបានកើតឡើងខណៈដែលទំនាក់ទំនងរវាងក្រុងម៉ូស្គូនិងក្រុងតូក្យូមានភាពតឹងតែងជុំវិញការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅក្នុងប្រទេសជប៉ុន។
លោក Medvedev បានអនុញ្ញាតឱ្យក្រសួងការពារប្រទេសរុស្ស៊ីប្រើប្រាស់ព្រលានយន្តហោះស៊ីវិលនៅកោះ Iturup (ជប៉ុនហៅថា កោះ Elorofu) ដែលជាកន្លែងសម្រាប់យន្តហោះចម្បាំងចុះចត។
វាគឺជាកោះមួយក្នុងចំណោមកោះបួនដែលកាន់កាប់ដោយសហភាពសូវៀតនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រ Hokkaido ដែលជាខេត្តធំបំផុតរបស់ប្រទេសជប៉ុន។ កោះទាំងនេះ (រុស្សីហៅថា Kuriles និងជប៉ុនហៅថា«ដែនដីភាគខាងជើង») ជាប្រធានបទដ៏ចម្រូងចម្រាសជាយូរណាស់មកហើយខណៈដែលក្រុងម៉ូស្គូនិងតូក្យូមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់ជម្លោះនេះ។
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានធ្វើទស្សនកិច្ចទៅកាន់កោះអ៊ីតាលីក្នុងឆ្នាំ 2015 ។
ការសម្រេចចិត្តរបស់លោក Medvedev គឺជាជំហានចុងក្រោយ ក្នុងផែនការកសាងកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ បន្ទាប់ពីទីក្រុងម៉ូស្គូបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីលថ្មីៗលើប្រជុំកោះព្រមទាំងរៀបចំផែនការកសាងមូលដ្ឋានកងទ័ពជើងទឹកនៅទីនោះ។
ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី ត្រូវបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងជប៉ុន ចរចារកិច្ចសហប្រតិបត្តិការលើកោះដែលមានជម្លោះ។ នេះក៏ជាពេលមួយដែលប្រទេសរុស្ស៊ីភ័យខ្លាចជប៉ុនអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីរបស់ខ្លួនជាមូលដ្ឋានមួយ សម្រាប់វ៉ាស៊ីនតោន ដើម្បីកសាងកងកម្លាំងនៅអាស៊ីខាងជើងក្រោមហេតុផលប្រឆាំងកូរ៉េខាងជើង។
វាមិនច្បាស់ទេថា តើរុស្ស៊ីនឹងដាក់ពង្រាយយន្តហោះចម្បាំងទៅកាន់កោះដែលមានជម្លោះជាអចិន្ត្រៃយ៍ឫប្រើប្រាស់ព្រលានយន្តហោះតែនៅពេលចាំបាច់នោះ។
ទន្ទឹមនឹងនេះដែរប្រភពមួយបាននិយាយថារុស្ស៊ីមានការព្រួយបារម្ភជាពិសេសអំពីផែនការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Akita និងYakamata នៃប្រទេសជប៉ុន៕ សូយន