មហាអំណាចយោធាពិភពលោក អាមេរិច បានសច្ចាថា នឹងវាយកំទិចរបបកូរ៉េខាងជើងឲ្យរលត់ ប្រសិនជារបបនេះហ៊ានវាយប្រហារនុយក្លេអ៊ែរលើអាមេរិច ឬក៏សម្ព័ន្ធមិត្ត។
ការព្រមាននេះធ្វើឡើងនៅក្នុងការពិនិត្យមើលឡើងវិញពីគោលនយោបាយនុយក្លេអ៊ែររបស់អាមេរិច ដែលបានដាក់ចេញកាលពីថ្ងៃសុក្រម្សិលមិញនេះ។
នៅក្នុងឯកសារកំរាស់ ៧៤ទំព័របានបញ្ជាក់ថា “យុទ្ធសាស្ត្ររបស់យើងសំរាប់កូរ៉េខាងជើង បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រាល់ការវាយប្រហារដោយនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងអាមេរិច ឬក៏សម្ព័ន្ធ និងដៃគូគឺមិនអាចទទួលយកបាន ហើយជាលទ្ធផលនឹងធ្វើឲ្យរបបនោះដល់ទីបញ្ចប់”។
ឯកសារបញ្ជាក់ទៀតថា “មន្ត្រីកូរ៉េខាងជើងអះអាងថា ពួកគេនឹងមិនបោះបង់ចោលអាវុធនុយ ក្លេអ៊ែរទេ ហើយឥឡូវនេះ កូរ៉េខាងជើងកំពុងតែស្ថិតនៅចំងាយតែប៉ុន្មានខែទៀត ប៉ុណ្ណោះក្នុងការ សម្រេចបានសមត្ថភាព វាយប្រហារអាមេរិចជាមួយនឹងមីស៊ីលបំពាក់នុយក្លេអ៊ែរ”។
អាមេរិចក៏បានបញ្ជាក់សារជាថ្មីទៀតដែរថា កម្មវិធីនុយក្លេអ៊ែរខុសច្បាប់របស់កូរ៉េខាងជើង ត្រូវតែលុបបំបាត់ចោលទាំងស្រុង ដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។
នៅក្នុងគោលនយោបាយនុយក្លេអ៊ែរ អាមេរិចក៏បានបញ្ជាក់ពីភាពគ្រោះថ្នាក់នៃការលក់អាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យារបស់កូរ៉េខាងជើងទៅឲ្យប្រទេសដទៃ។ កម្មវិធីនុយក្លេអ៊ែររបស់របបនេះ ក៏ធ្វើឲ្យមានការកើនឡើងសម្ពាធយ៉ាងខ្លាំងទៅលើប្រទេសផ្សេងៗ ក្នុងការខិតខំកសាងនុយក្លេអ៊ែររបស់ខ្លួនដើម្បីការពារខ្លួនពីការវាយប្រហារដោយនុយក្លេអ៊ែរ។
ជុំវិញបញ្ហានេះដែរ អាមេរិចបញ្ជាក់ថា “ពួកយើងនឹងឲ្យកូរ៉េខាងជើងទទួលខុសត្រូវទាំងអស់ចំពោះរាល់ការផ្ទេរបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ ឧបករណ៏ ឬជំនាញទៅកាន់រដ្ឋដទៃ”។
សូមរំលឹកផងដែរថា កាលពីឆ្នាំមុន របបព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបចំនួន ៣លើកដែលខ្លួនអះអាងថា អាចមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិច និងទាំងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦របស់ខ្លួន៕ សុភ័ក្ត្រ