មហាយក្សចិន បានចោទប្រកាន់សហរដ្ឋអាមេរិចថា មិនគោរពដល់បណ្តាលប្រទេសអាមេរិចឡាទីន ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិច រិច ធៀល័រសាន់ (Rex Tillerson) បានព្រមានដល់ប្រទេសក្នុងតំបន់អាមេរិចឡាទីនទាំងនោះថា កុំឲ្យពឹកផ្នែកសេដ្ឋកិច្ចហួសហេតុពេកជាមួយនឹងចិន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព៌តមាន Reuters។
លោក Rex Tillerson បានថ្លែងដូច្នេះថា ប្រទេសចិនកំពុងទទួលបានកន្លែងឈរជើងនៅអាមេរិចឡាទីន ដោយប្រើប្រាស់ជំនាញសេដ្ឋកិច្ចដើម្បីទាញ ប្រទេសក្នុងតំបន់ទាំងនោះឲ្យចូលតាមគន្លងរបស់វា។
ប៉ុន្តែ នៅថ្ងៃសុក្រម្សិលមិញនេះ ក្រសួងការបរទេសចិនបានឆ្លើយតបវិញថា កិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសតំបន់អាមេរិចឡាទីន គឺផ្នែកលើផលប្រយោជន៏រួម និងតំរូវការទៅវិញទៅមក។
ក្រសួងការបរទេសចិនថ្លែងក្នុងសេចក្តីប្រកាសដូច្នេះថា “អ្វីដែលអាមេរិចនិយាយគឺខុសការពិតទាំង ស្រុង និងបង្ហាញពីការមិនគោរពទៅដល់ប្រទេសតំបន់អាមេរិចឡាទីនមួយចំនួនធំ” កិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសអាមេរិចឡាទីនផ្នែកលើសមភាព ការបើកចំហរ តំរូវការទៅវិញទៅមក និងការរួមរស់នៅជាមួយគ្នា។
ក្រសួងចិនបន្តទៀតថា “ប្រទេសចិនគឺជាអ្នកទិញផលិតផលដ៏ធំមួយរបស់អាមេរិចឡាទីន និងបាននាំចូល ផលិតផលកសិកម្មយ៉ាងច្រើន និងមានតម្លៃខ្ពស់”។
ប្រទេសចិនក៏បានប្រាប់ដល់ប្រទេសក្នុងតំបន់អាមេរិចឡាទីនទាំងអស់ បោះបង់គំនិតគេងចំណេញចាស់កំរិត និងងាកមកអភិវឌ្ឍន៏ទំនាក់ទំនងរវាងចិន និងអាមេរិចឡាទីនក្នុងឥរិយាបបើកចំហរ៕ សុភ័ក្ត្រ