ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គម បានផ្ទុះកក្រើកតែម្តង បន្ទាប់ពីគេបានឃើញម្ចាស់ក្រុមហ៊ុនផលិតផលអនឡាញធំៗ ក្នុងនោះ មែរួយ អ្នកស្រី សៀវម៉ី ស្រាប់តែបានចេញមុខប្រតិកម្មខ្លាំងៗ ចំពោះពាក្យសម្តីវាយប្រហារហាក់ចំៗរបស់តារាចម្រៀង ពេជ្រ សោភា ដែលធ្វើឲ្យប៉ះពាល់ដល់ការរស៊ីរបស់ពួកគាត់។
ដោយឡែក ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា វិញក៏បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈបានឃើញអ្នកស្រីសម្រេចចិត្តធ្វើពិធីសច្ចាប្រណិធានដ៏ធំបំផុត ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងថ្លៃថ្នូ ក្រោយពីមានមនុស្សមួយចំនួន បានចាប់ផ្តើមរិះគន់ហាក់ចង់វាយប្រហារលើអ្នកស្រី ដោយចោទប្រកាន់ថាអ្នកស្រីរកស៊ីបោកប្រាស់គេ ឬរកស៊ីមិនស្មោះត្រង់ជាដើម។
ក្នុងនោះផងដែរ អ្នកស្រីបានបញ្ជាក់ដោយធ្វើការស្បថយ៉ាងដូច្នេះថា «បើគ្រប់យ៉ាងដែលនាងខ្ញុំធ្វើជារឿងសម្ដែង បើនាងខ្ញុំបានកិបកេងតំណាងរកស៊ីមិនត្រឹមត្រូវ សុំឱ្យរលាយទ្រព្យទាំងអស់ ដែលខ្ញុំរកបានទាំងលំបាក សុំឱ្យជីវិតខ្ញុំរលត់ភ្លាមៗ ជិះឡានក្រឡាប់ឡានធ្វើដំណើរជួបគ្រោះទាន់ហន់ វិនាសអន្តរាយភ្លាមៗ»។
លើសពីនោះ អ្នកស្រីក៏បានដាក់អាយុជីវិតស្បថធ្ងន់ៗទៀតថា៖ «ខ្ញុំសូមធ្វើសម្បថចំពោះបារមី អារុក្ខអារក្ស លោកតាក្រហមក ព្រះអង្គចេកព្រះអង្គចម អ្នកតាឃ្លាំងមឿង អ្នកតាដំបងដែក អ្នកតាដំបងគ្រញូង លោកយាយទេព ព្រះអង្គវិហារ ព្រះអង្គវត្តគោកស្លែង»។
អ្នកស្ត្រីបានបួងសួងថា៖ «ខ្ញុំសុំបន់ស្រន់ដល់ទេវតាបារមីគ្រប់ទិសទី មកជួយធ្វើជាអធិបតីសាក្សីចំពោះពិធីសម្បថនេះ ហើយថែរក្សាអ្នកតំណាងនៃប្រេនទាំង៣ NNP NUNA CTM ឱ្យរីកចម្រើនតកូនចៅ។
តែផ្ទុយមកវិញ អ្នកស្រីបានដាក់ទំនាយចំពោះអ្នកវាយប្រហារថា៖ «សូមអស់លោកអារុក្ខអារក្ខ អ្នកតា និងបារមីដ៏ស័ក្ដិសិទ្ធិទាំងអស់ ជួយដឹងឮ បើមានអ្នកបំពាន យាយី បង្ខូចឈ្មោះរូបនាងខ្ញុំ និងអ្នកតំណាងចែកចាយ នៃក្រុមហ៊ុន ដាណា ទ្រី សូមឱ្យសាបដូចជាទឹកទន្លេ រីងហួតដូចជាវាលខ្សាច់ បរាជ័យគ្រប់ភារកិច្ច និងការរកស៊ី ទោះបីកំពុងរីកចម្រើនយ៉ាងណាក៏ដោយ នាងខ្ញុំ ទ្រី ដាណា និយាយពិត ធ្វើពិត ធ្វើដោយភាពត្រឹមត្រូវ មិនបោកប្រាស់ មិនសម្ដែងឡើយ…»។
គួរកត់សម្គាល់ផងដែរថា ក្រោយពីតារាចម្រៀងដ៏ល្បីឈ្មោះ ពេជ្រ សោភា បានឡាយវីដេអូប្រាប់ឲ្យបងប្អូនទាំងអស់គ្នាប្រយ័ត្នចាញ់បោកអ្នកលក់អនឡាញ ជាពិសេសអ្នកសម្ញែងមាសពេជ្រ ផ្ទះវីឡា ឡានទំនើបៗ ដើម្បីអូសទាញឲ្យលង់ខ្លួន និងប្រាប់ពីរបៀបបោកប្រាស់ ធ្វើស៊ីពីសំណាក់អ្នកលក់ផ្តាច់មុខ (មេធំ) ចំពោះតំណាងលក់បន្តដែល ពេជ្រ សោភា ហៅថាបណ្តាញពីរ៉ាមីតរួចមក ឃើញថាបានធ្វើឲ្យម្ចាស់ក្រុមហ៊ុនផលិតផលអនឡាញធំៗដូចជា ម៉ែរួយ, អ្នកស្រី សៀវម៉ី ចេញមុខប្រតិកម្មខ្លាំងតែម្តង ដែលចុងក្រោយនេះបានឈានដល់វគ្គអ្នកស្រី ទ្រី ដាណា សម្រេចធ្វើពិធីដ៏មិនធម្មតានេះ៕ ដោយ៖ លឹម ហុង