សៀមរាប ៖ ជឿជាក់ថា បងប្អូនយើងជាច្រើន បាននិងកំពុងមានគម្រោងទៅដើរលេងកម្សាន្តគ្រប់ៗគ្នាហើយ ខណៈអំឡុងប៉ុន្មានថ្ងៃនេះ គឺជាថ្ងៃឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំ ដែលខកខានពុំបានឈប់សម្រាក ដោយសារតែរាជរដ្ឋាភិបាលនៃយើង បានសម្រេចផ្អាកព្រោះតែបញ្ហាវីរុស Covid-19 ដែលកំពុងផ្ទុះខ្លាំងនៅស្ទើរទូទាំងពិភពលោក។
យ៉ាងណាមិញ ក្រឡេកមកកាន់ទឹកដីខេត្តសៀមវិញ គ្រួសារប្តីប្រពន្ធជនបរទេសមួយ បានធ្វើឲ្យមនុស្សម្នាជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ខណៈពួកគាត់រួមទាំងកូនតូចម្នាក់បានស្លៀកពាក់ចម្លែកខុសគេ នៅលើទឹកដីតំបន់ប្រាសាទអង្គរវត្ត ដោយគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ៗស្អាតតែម្តង។
ទន្ទឹមនេះផងដែរ អ្នកលេងហ្វេសប៊ុកក៏បានពោលពាក្យកោតសរសើរពីទឹកចិត្តស្រឡាញ់ខ្មែររបស់ពួកគាត់ទាំងពីរយ៉ាងដូច្នេះថា៖ «អរគុណបងដែលស្រឡាញ់វប្បធម៌ខ្មែរ និងប្រទេសកម្ពុជា អរគុណសម្រាប់អំពើល្អទាំងអស់ ជូនពរឲ្យបង និងគ្រួសារ មានសេចក្ដីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
នេះបើយោងតាមគណនីហ្វេសប៊ុករបស់គ្រួសារជនបរទេសខាងលើដែលមានឈ្មោះ Uriah Lyford បានបង្ហោះរូបភាព និងខ្លឹមសាររៀបរាប់ថា៖ «ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត» ៕ ដោយ៖ លឹម ហុង