វីដេអូមួយដែលកំពុងរីករាលដាលនៅលើអ៊ីនធឺណិត បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគេបានឃើញប្តីប្រពន្ធ២នាក់ បានធ្វើសកម្មភាពលួចទឹកអ្នកជិតខាង ដែលឃើញហើយពិតជាហួសចិត្តខ្លាំងតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Bang Bua Thong ខេត្ត Nonthaburi ប្រទេសថៃ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
យោងតាមទំព័រហ្វេសប៊ុក “Red Skull Forever” ដែលបានបង្ហោះវីដេអូនេះពីកាមេរ៉ាសុវត្ថិភាព ដោយសរសេរប្រាប់ឲ្យដឹងថា អ្នកគ្រូម្នាក់ឈ្មោះ Natchaya ខណៈមិននៅផ្ទះ ដោយជាប់រវល់បំពេញការងារនៅសាលារៀន ឆ្លៀតឱកាសនោះ ប្តីប្រពន្ធ២នាក់ដែលជាអ្នករស់នៅផ្ទះជិតខាង ស្រាប់តែនាំគ្នាធ្វើសកម្មភាពអូសទុយោទឹកប្រហែល ១០ ម៉ែត្រ ចេញពីក្នុងផ្ទះរបស់អ្នកគ្រូ ដើម្បីលួចទឹកស្តែងៗតែម្តង។
ប្រភពដដែលបន្តថា ក្រោយទទួលបានដំណឹងនេះ លោកមេភូមិឈ្មោះ Apidech Klaison ក៏បានចុះទៅពិនិត្យអ្នកគ្រូ Natchaya ដែលប្រាប់ថា វិក្កយបត្រទឹករបស់នាងឡើងខ្ពស់ជាងធម្មតាប៉ុន្មានខែកន្លងមកនេះ ដោយបង់ជាង ២០០ បាត ច្រើនជាងខែមុនៗ។ ដើម្បីចង់ដឹងការពិត អ្នកគ្រូក៏បានឆែកកាមេរ៉ាសុវត្ថិភាព និងរកឃើញប្តីប្រពន្ធរស់នៅផ្ទះជាប់គ្នា បានភ្ជាប់ទុយោទឹកពីទ្រព្យសម្បត្តិរបស់នាងចូលទៅក្នុងផ្ទះរបស់ពួកគេ។ ក្រោយឃើញជាក់ស្តែងបែបនេះ លោកមេភូមិក៏បានប្រាប់អ្នកគ្រូ Natchaya ដាក់ពាក្យបណ្តឹងទៅប៉ូលីស ដោយប្តឹងប្តីប្រពន្ធនេះពីបទលួច។
នៅចំពោះមុខប៉ូលិស បុរសជាប្តីឈ្មោះ Mongkol អាយុ ៤០ ឆ្នាំ និងប្រពន្ធឈ្មោះ Sukanya អាយុ ៣៩ ឆ្នាំ បានសារភាពថា ពួកគេពិតជាបានលួចទឹកពិតប្រាកដមែន។ ពួកគេលើកហេតុផលថា គ្រួសារមានកូន ៤ នាក់ សព្វថ្ងៃនេះពុំមានលុយបង់ថ្លៃវិក្កយបត្រទឹកដែលបណ្តាលឲ្យទឹករបស់ពួកគេត្រូវបានកាត់ផ្តាច់។ ប្តីប្រពន្ធនេះក៏បានអះអាងថា ពួកគេបានលួចទឹកអ្នកគ្រូ Natchaya ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ។ បុរសជាប្តីរូបនេះបាននិយាយថា គាត់កំពុងមានជំងឺបេះដូង ហឺត និងជំងឺឆ្កួតជ្រូក។ គាត់កំពុងរង់ចាំម្តាយរបស់គាត់ផ្ញើប្រាក់ខ្លះ ព្រោះគាត់មិនអាចធ្វើការបានទេ៕ ដោយ៖ លឹម ហុង