ប៉ូលិសម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងការព្យួរការងារត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ប្លន់ស្ត្រីជនជាតិចិនម្នាក់អាយុ ២៩ ឆ្នាំ កាលពី២យប់មុន វេលាម៉ោងប្រហែល ៧ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ព័ត៌មាននៅលើ Info Roadblock JPJ/POLIS បានឲ្យដឹងថា ស្ត្រីម្នាក់នោះកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់នាង នៅឯភោជនីយដ្ឋានមួយ នៅក្នុង Jalan Perdana, Ampang នៅពេលនោះ ក៏ស្រាប់តែមានបុរស៣នាក់ចូលមក ដោយបានណែនាំខ្លួនពួកគេថាជាប៉ូលិស។
នៅក្នុងវីដេអូឃ្លីប ប៉ូលិសម្នាក់នោះអាចត្រូវបានឃើញចាប់អូសដៃស្ត្រីរងគ្រោះ ដោយមានការជួយពីគូកនរបស់គាត់ ខណៈពួកគេបានព្យាយាមអូសនាងទៅកាន់កន្លែងចំណតមួយ។ ក្នុងអំឡុងពេលនោះ ជនរងគ្រោះបានស្រែកខ្លាំងៗបង្កការភ្ញាក់ផ្អើលដល់សាធារណជនចូលមកប៉ុនប៉ងជួយតែម្តង។ បុរសបីបួននាក់បានដើរទៅកាន់កន្លែងកើតហេតុ ដើម្បីជួយស្ត្រីរងគ្រោះ។ ដោយឃើញសភាពការណ៍មិនស្រួល ព្រោះប្រុសៗចូលមកកាន់តែច្រើនឡើង ប៉ូលិសនោះ និងជនសង្ស័យ២នាក់ផ្សេងទៀត ក៏ព្រលែងស្ត្រីនោះ ហើយនាងក៏បានរត់គេចខ្លួន។
ខណៈជនសង្ស័យ២នាក់ទៀត បានកំពុងគេចពីការចាប់ខ្លួន នោះប៉ូលិសម្នាក់ដែលមានអាយុ ៤៦ ឆ្នាំ ត្រូវបានឃាត់ខ្លួន។ ជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ តែត្រូវបានចោរប្លន់ជាសាច់ប្រាក់អស់ជិត ១.២០០ ដុល្លារ និងគ្រឿងតុបតែងខ្លួនជាច្រើននៅក្នុងកាបូបរបស់នាង។
បច្ចុប្បន្ន ករណីនេះកំពុងត្រូវបានចាត់ថ្នាក់តាមមាត្រា ៣៩៥/៣៩៧ នៃក្រមព្រហ្មទណ្ឌ។ អ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ហើយអាចប្រឈមនឹងការវាយធ្វើបាបទៀតផង៕ ដោយ៖ លឹម ហុង