ស្ត្រីម្នាក់នៅក្នុងប្រទេសចិន ត្រូវបានកោតសរសើរពីអ្នកប្រើប្រាស់បណ្តាញសង្គម ថាពិតជាមានភាពក្លាហាន និងការលះបង់ខ្លាំង ដែលបានប្រថុយអាយុជីវិតរបស់នាង ក្នុងការសង្គ្រោះប្រមូលយករបស់របរ «Mobile Suit Gundam» ប្តីរបស់នាង បន្ទាប់ពីមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Chongqing ប្រទេសចិន។
ស្ត្រីម្នាក់នោះដែលឈ្មោះរបស់នាង ពុំត្រូវបានបញ្ចេញ ត្រូវបានដឹងថា ក៏ជាអ្នកគាំទ្រចូលចិត្តផ្នែកតុក្កតាជីវចល និងតុក្កតាផងដែរ ដូច្នេះហើយ នាងទទួចវិលត្រឡប់ទៅវិញ ដើម្បីសង្គ្រោះរបស់របររបស់ប្តីនាង។
Unilad បានរាយការណ៍ថា ប្តីរបស់នាងបានលះបង់អស់ហើយ ដើម្បីសង្គ្រោះទ្រព្យសម្បត្តិដែលមានតម្លៃរបស់គាត់ទាំងនោះ ពីព្រោះគាត់មិនចេះហែលទឹកនោះទេ។
ស្ត្រីនោះក៏ត្រូវបានដឹងថា ជាអ្នកហែលទឹកចម្ងាយឆ្ងាយ បានគ្រប់គ្រងវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ នាងបានច្បាមបានប្រអប់ដាក់របស់របរប្តីទាំងអស់ ហើយជិះទូកកៅស៊ូ។ ក្រុមសង្គ្រោះ និងសុនខរបស់ពួកគេឈ្មោះ Ereo ត្រូវបានបញ្ជូនទៅជួយទាញទូករបស់នាង ដើម្បីមកកាន់កន្លែងសុវត្ថិភាព។
តាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីរូបនោះ បានរងរបួសដាច់លាត់នៅលើម្រាមដៃ ខណៈព្យាយាមសង្គ្រោះរបស់របរប្តីរបស់នាង។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ថា ការឆ្លើយតបជាបន្ទាន់កម្រិតមួយត្រូវបានចេញ បន្ទាប់ពីក្រុងនេះបានរងគ្រោះដោយទឹកជំនន់យ៉ាងខ្លាំង កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យជន់លិចអគារ និងផ្ទះជាច្រើននៅតំបន់រងគ្រោះ៕ ដោយ៖ លឹម ហុង