បុរសជនជាតិឥណ្ឌូណេស៊ី២នាក់ ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្ខំក្មេងប្រុសអាយុ ៤ ឆ្នាំ ម្នាក់ ឲ្យផឹកស្រា រហូតស្រវឹងទប់ស្មារតីលែងបាន ដើរដួលទីណាត់ទីណែងគួរឲ្យអាណិត បើទោះជាមើលទៅគួរឲ្យអស់សំណើចខ្លាំងក៏ដោយ។
នៅក្នុងវីដេអូទី១ នៃសកម្មភាពលេងសើចនេះ ដែលគេជឿថាត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ បានបង្ហាញបុរសម្នាក់កំពុងឲ្យស្រាទៅក្មេងប្រុសនោះផឹក ខណៈវាមើលទៅហាក់ដូចជាស្រេកឃ្លាន និងឆ្ងាញ់ខ្លាំងមែនទែន ប្រៀបដូចផឹកទឹកអ៊ីចឹង។
ទោះយ៉ាងណា នៅក្នុងវីដេអូទី២ ស្រាប់តែគេបានឃើញក្មេងប្រុសរូបនោះបានបាត់បង់ការគ្រប់គ្រងស្មារតី ដោយដើរទ្រេតទ្រោត និងសូម្បីដួលក្បាលផ្ទប់ចុងគំនរឈើស្រួចៗ គួរឲ្យស្រៀវជំនួសជាខ្លាំង ខណៈបុរសៗទាំងនោះនាំគ្នាសើចដោយមិនខ្វល់ពីគ្រោះថ្នាក់របស់ក្មេងសោះឡើយ។
ក្រោយពីបានឃើញវីដេអូដ៏គួរឲ្យរន្ធត់នេះ ត្រូវបានរីករាលដាលនៅលើអ៊ីនធឺណិត បុរស២នាក់ដែលរស់នៅ Kampung Timampu ស្រុក Towuti District ខេត្ត South Sulawesi ត្រូវបានចាប់ខ្លួន។ ទោះយ៉ាងណា គេពុំបានដឹងថា បុរសទាំងពីរត្រូវបានចាប់ខ្លួនដើម្បីធ្វើការអប់រំ ឬ យ៉ាងណានោះទេ៕ ដោយ៖ លឹម ហុង