ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០សេចក្តីថ្លែងការណ៍មួយថា រឿងឈឺឆ្អាលនឹងព្រំដែនរឿងទៅមើលព្រំដែន រឿងស្រឡាញ់ទឹកដី គឺជារឿងដ៏ល្អរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ ដែលយើងមិនអាចអត់ឱនឱ្យបាននោះ គឺការបំភ្លៃការមួលបង្កាច់ និងការញុះញង់ ដែលយកប្រធានបទព្រំដែនមកបំភ្លេមួលបង្កាច់ ញុះញង់ក្នុងចេតនា លាក់លៀមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺយើងត្រូវអនុវត្តច្បាប់ ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ចំពោះជនរួមជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ឈឺឆ្អាល ព្រួយបារម្ភពីបញ្ហាព្រំដែន ជាអាយុជីវិតនៃអធិបតេយ្យរបស់ជាតិ ដែលសរបញ្ជាក់ឱ្យឃើញពីមនសិកា ឆន្ទៈ ស្មារតីសាមគ្គីជាតិដំរឹងមាំ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។
អង្គភាពអ្នកនាំពាក្យ បានសង្កេតឃើញថា កន្លងមកថ្មីៗនេះ មានមតិមួយចំនួន ក៏ដូចជាវិទ្យុខ្លះ បានលើកឡើង ដោយចោទប្រកាន់ បង្កាច់បង្អួចមកលើរាជរដ្ឋាភិបាលថា “បានបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការជជែក ឬលើកឡើងគឺបញ្ហាព្រំដែនរបស់ជាតិ” ។
អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ជូននូវប្រសាសន៍ ក៏ដូចជាគោលជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ថា “រឿងឈឺឆ្អាលនឹងព្រំដែនរឿងទៅមើលព្រំដែន រឿងស្រឡាញ់ទឹកដី គឺជារឿងដ៏ល្អរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ ដែលយើងមិនអាចអត់ឱនឱ្យបាននោះ គឺការបំភ្លៃការមួលបង្កាច់ និងការញុះញង់ ដែលយកប្រធានបទព្រំដែនមកបំភ្លេមួលបង្កាច់ ញុះញង់ក្នុងចេតនា លាក់លៀមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺយើងត្រូវអនុវត្តច្បាប់ ។ ការមួលបង្កាច់ ការបំភ្លែខុសពីការពិត ការញុះញង់វាមិនមែនជាសេរីភាពនៃការបញ្ចេញមតិ នៅក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យនោះទេ គឺជាបទល្មើសជាក់ស្តែង ។
អង្គភាពអ្នកនាំពាក្យ សូមគូសបញ្ជាក់ជូនជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តដ៏មុះមុតជាប្រវត្តិសាស្ត្រខ្មែរ ដោយឥតងាករេនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងការពុះពារគ្រប់ ឧបសគ្គ ដើម្បីបន្តឆ្ពោះទៅសម្រេចឱ្យខាងតែបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជា ជាក់លាក់មួយ រវាងប្រទេសជាមិត្តជិតខាង ជាពិសេសជាមួយមិត្តវៀតណាម ឱ្យមានភាពច្បាស់លាស់ត្រឹមត្រូវ តាមផែនទីដែលគូសនិងបន្សល់ទុកដោយអាណាព្យាបាលបារាំងឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។
សូមបញ្ជាក់ថា សម្តេចតេជោជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះបានសរសេរសារនៅលើ Facebook របស់លោកថា៖ “សម្តេចតេជោបានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុងចុះទៅជួបពលរដ្ឋដែលអះអាងថាបាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយបោះបង្គោលព្រំដែន តបតាមសំនួររបស់ខ្ញុំ ដែលបានសួរទៅកាន់នាយករដ្ឋមន្ត្រី”។
នៅបទអន្តារគមន៍របស់ប្រតិភូគណបក្សយុវជនកម្ពុជា គឺ លោក ពេជ្រ ស្រស់ មានសំណួរ ចំនួន៣ សំណួរ ដើម្បីជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជាហើយ ។ សំណួរខ្ញុំបាទមានដូចតទៅនេះ៖ (១).តើស.ជ.ណ រាជរដ្ឋាភិបាល បានចេញជូនប្រតិភូបក្ស ដើម្បីដោះស្រាយទំនាស់ជូន ប្រជាពលរដ្ឋមានតម្លៃជាលិខិតគតិយុត្តដែរឬទេ ? ពីព្រោះប្រជាពលរដ្ឋដែលទទួលបាន ស.ជ .ណ ពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគាត់តាម រយៈប្រតិភូបក្សនីមួយៗ ជាពិសេសតាមរយៈប្រតិភូបក្សយុវជនកម្ពុជាតែម្តង គឺមាន ស.ជ ស.ជ.ណ នោះ ទេ ។ ស.ជ.ណ មួយចំនួនធំជាប់គាំងគ្មានមន្ត្រី ចុះពិនិត្យ និងដោះស្រាយតាមស្មារតី។
(២ ) .តើរាជរដ្ឋាភិបាលមានតម្រោងបញ្ជូនអ្នកជំនាញព្រំដែនទៅជួបប្រជាពលរដ្ឋដែល អះអាងថាបាត់ដីពួកគាត់ក្រោយបោះបង្គោលព្រំដែន ជាមួយវៀតណាមរួចរាល់ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដែរឬទេ? ដោយហេតុថា ឯកឧត្តម វ៉ា គឹមហុង ធ្លាប់បានអះអាងថា បើមានប្រជាពលរដ្ឋណាមួយ អះអាងថា បាត់ដីដោយ សារតែបោះបង្គោលព្រំដែន ពីគណៈកម្មការព្រំដែន គឺប្រជាពលរដ្ឋនោះអាចប្តឹង មកគណៈកម្មការព្រំដែន ដើម្បីគណៈកម្មការព្រំដែន ចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យ និងដោះស្រាយ ជូនប្រជាពលរដ្ឋនោះ ហើយការអះអាងរបស់ ឯកឧត្តម វ៉ា គឹមហុង ខាងលើគឺធ្វើឡើងក្នុងកិច្ចប្រជុំរវាង គណៈកម្មការព្រំដែន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កន្លងទៅ។
(៣).តើរាជរដ្ឋាភិបាល នឹងបង្ហាញឯកសារ ស្តីពីការបោះបង្គោលព្រំដែនជាមួយនឹង ប្រទេសជិតខាង ឲ្យប្រជាពលរដ្ឋខ្មែរយល់ដឹងផងបានឬទេ ? ចំពោះសំណួរ ទី២ និងសំណួរទី៣ ខាងលើ នេះខ្ញុំមានគោលបំណងបញ្ចប់ភាពចម្រូងចម្រាស់រវាងខ្មែរ និងខ្មែរគ្នាឯងជុំវិញរឿងព្រំដែន។ អាស្រ័យដូចបានគោរព និងជម្រាបជូនខាងលើ សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងដោះស្រាយដោយក្តីអនុគ្រោះ។
“សម្ដេចតេជោហ៊ុន សែន ក៏បញ្ជាឱ្យលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បើកសិក្ខាសាលាមួយ ឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរនាំ អំពីរឿងព្រំដែននេះទៀតផង” នេះបើតាមលោក ពេជ្រ ស្រស់បញ្ជាក់បែបនេះ។
សូមបញ្ជាក់ថា បញ្ហាព្រំដែនខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកគាំទ្រអតីតក្រុមប្រឆាំង លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែន។ ទោះជាយ៉ាងនេះក្តី ទាំងលោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ សុទ្ធតែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងចោទប្រកាន់ លោក សួង សុភ័ណ្ឌ ពីបទញុះញង់ឲ្យមានភាពវឹកវរ និងបង្កអសន្តិសុខ ដល់សង្គមជាតិ ហើយសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។ នៅពេលនេះ លោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងតាម៤៩៥ នៃក្រមព្រហ្មទណ្ឌ។ តុលាការ បានចាត់ទុកបទល្មើសរបស់លោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ ថាជាបទល្មើសជាក់ស្តែង៕ ដោយបញ្ញាស័ក្តិ