លោកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ជាប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលផ្តោតជាសំខាន់ទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម សំណង់ និងចិញ្ចឹមសត្វ។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបាននិងកំពុងផ្តល់ការងារជាច្រើនជូនដល់បងប្អូនពលរដ្ឋខ្មែរប្រមាណ ១ម៉ឺននាក់ ផងដែរ។ ទន្ទឹមនឹងនេះផងដែរ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ក៏ត្រូវបានមហាជនកោតសរសើរថា លោកតែងអភិរក្សសម្បត្តិធម្មជាតិមិនថាសត្វព្រៃ ឬ ព្រៃឈើនោះទេ ដើម្បីទុកឲ្យខ្មែរជំនាន់ក្រោយបានស្គាល់។
ដោយឡែក ថ្មីៗនេះ លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល ខណៈពេលដែលលោកបានធ្វើការបង្ហោះអំពីសកម្មភាពនៃការជីកយកដើមឈើចំនួន២ដើម ដោយបានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ប៉ុន្តែទោះបីជាចំណាយច្រើនយ៉ាងណា ក៏លោកធ្វើដែរ ព្រោះតែដើម្បីដើមចាន់ដ៏កម្ររបស់លោក បន្ទាប់ពីទទួលដំណឹងថា ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងពង្រីកផ្លូវលំ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ៥០ ទៅកាន់ផ្លូវជាតិលេខ៣វត្តប្រាសាទស្រះកែវផ្សារប៉ាង្កសី។
នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានបង្ហោះឲ្យដឹងថា៖ «ដោយបានទទួលដំណឹងថាក្រសួងអភិវឌ្ឍន៍ជនបទគ្រោង និងពង្រីកផ្លូវលំ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ៥០ ទៅកាន់ផ្លូវជាតិលេខ៣ វត្តប្រាសាទស្រះកែវផ្សារប័ង្កសី ការពង្រីកផ្លូវនេះនិងត្រូវប៉ះពាល់ដើមចាន់ដ៏កម្ររបស់ខ្ញុំចំនួនពីរដើម ដូចច្នេះហើយខ្ញុំបានបញ្ជូនក្រុមអ្នកបច្ចេកទេសឲ្យទៅគាស់ដឹកជញ្ជូនយកមកដាំ រក្សាទុកនៅក្នុងតំបន់អភិវឌ្ឍន៍ទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យដើម្បីឲ្យក្មេងៗជំនាន់ក្រោយៗទៀតបានស្គាល់ អរគុណច្រើនខ្លាំងណាស់ចំពោះលោកគ្រូវណ្ណ វិន ដែលបានដឹកនាំការងារនេះ រហូតទទួលបានជោគជ័យ»៕ ដោយ៖ លឹម ហុង