Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន រម្លឹក​ឲ្យ​កងទ័ព​បន្ត​លើកកម្ពស់​កិច្ចការពារ​បូរណភាព​ទឹកដី និង​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ​

​កំពង់ស្ពឺ ៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទបាន​ថ្លែង​រម្លឹក​ឲ្យ​កងទ័ព​បន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ចការពារ​បូរណភាព​ទឹកដី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​ការពារ​សន្តិ​ភាព និង​ថែរក្សា​ឲ្យ​បាន​ស្ថិរភាព​នយោបាយ​ដែលជា​គ្រឹះ​នៃ​ការអភិវឌ្ឍន៍​សង្គម​។

​ការ​ថ្លែង​បែបនេះ​របស់​នាយ​ឧត្ដមសេនីយ៍ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ពលទាហាន​បំពេញ​ក្របខ័ណ្ឌ និង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​រ៉ា​ដា​ការពារ​អាកាស និង​កាំជ្រួច KS-1A នា​រសៀល​ថ្ងៃទី​២៧ សីហា​នេះ នៅ​បញ្ជាការដ្ឋាន​ការពារ​អាកាស ដែលមាន​មូលដ្ឋាន​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ​។

​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ បាន​បន្តថា ជាក់ស្ដែង​ការចាត់តាំង​ហ្វឹកហ្វឺន​នាពេល​កន្លងមក ក៏ដូចជា​ក្នុង​ពេលនេះ មិន​គ្រាន់តែ​ជាការ​បង្កើន​សមត្ថភាព​ឲ្យ​ដល់​កងទ័ព​ជំនាញ​ប៉ុណ្ណោះ​ទេ តែ​ក៍​ជា​កិច្ច​ឆ្លើយតប​ទៅនឹង​សំណូមពរ​នៃ​គោលការណ៍​ធ្វើកំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ​រយៈពេល​យូរអង្វែង និង​ការត្រៀម​លក្ខណៈ​ទទួល​រ៉ាប់រង​អនុវត្ត​ភារកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។​

​ដើម្បី​ជា​មូលដ្ឋាន​ដល់​ការដឹកនាំ​បំពេញភារកិច្ច​បំរើ​ជាតិ នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ រួមគ្នា​បន្ត​យកចិត្តទុកដាក់​ភារកិច្ច ១០​ចំណុច តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុងឱកាស​រំលឹក​ខួប​លើក​ទី​២០ នៃ​ការបង្កើត​កងទ័ពជើងគោក​។

​នាយ​ឧត្ដមសេនីយ៍ បាន​ក្រើនរម្លឹក​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ត្រូវមាន​ស្មារតី​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ លើ​កក​កម្ពស់​មនសិកា​រ​ស្នេហា​ជាតិ ដោយ​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ក្នុងការ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី និង​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា ច្បាប់​ល​ក្ខ័​ន្តិ​កៈ បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ច្បាប់​នានា​រដ្ឋ​។

​ជាមួយនេះ ត្រូវ​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌ ហើយ​ប្តូរផ្តាច់​ការពារ​សន្តិភាព និង​រក្សា​ស្ថិរភាព​នយោបាយ ទោះជា​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ និង​គាំទ្រ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​។

​ដោយឡែក សម្រាប់​សិក្ខាកាម​ដែល​ទើប​បញ្ចប់​វគ្គ និង​ត្រូវ​បន្ត​វគ្គ​បណ្តុះបណ្តាល​ជំនាញ​រ៉ា​ដា​ការពារ​អាកាស និង​កាំជ្រួច KS-1A ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ ស្តាប់​គ្រូ​ឧទ្ទេសនាម ដើម្បី​ក្លាយជា​យោធិន​ជំនាញ​ប្រកបដោយ​សមត្ថភាព និង​មានការ​សាមគ្គីភាព​ទាំង​ជាមួយ​ថ្នាក់ដឹកនាំ ក៏ដូចជា​យោធា​ចា​រ្យ និង​សិក្ខាកាម​រួម​វគ្គ ជាពិសេស​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​មូលដ្ឋាន​ឈរជើង​។

​បើតាម​របាយការណ៍​ហ្វឹកហ្វឺន​បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​ពលទាហាន​បំពេញ​ក្របខ័ណ្ឌ​ដែល​ទើបបាន​បញ្ចប់​នាពេលនេះ មាន​សិក្ខាកាម​សរុប ១៥០ នាក់ ដោយបាន​ហ្វឹកហាត់​រៀនសូត្រ និង លត់​ដំ​ខ្លួន​នៅក្នុង​សាលា​រយៈពេល ៣ ខែ ហើយ​ត្រូវ​បន្ត​ចូល​ហ្វឹកហ្វឺន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​រ៉ា​ដា​ការពារ​អាកាស និង កាំជ្រួច KS-1A រយៈពេល ៦ ខែ​ទៀត មុននឹង​ចេញទៅ​បំពេញភារកិច្ច​ជាក់ស្ដែង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×