យុវជនចិន ២រូប ត្រូវបានប៉ូលិសប្រទេសនេះដាក់ទណ្ឌកម្មដោយសារតែពួគគេយកលុយដុតចោល ដើម្បីភ្នាល់ថា អ្នកណាមានជាងអ្នកណា។
ស្ថានីយ៍ទូរទស្សន៍ខេត្ត អានហួយ ប្រទេសចិន កាលពីថ្ងៃទី ០៤ ខែកុម្ភៈ បានចុះផ្សាយព័ត៌មានពីបុរសម្នាក់ដែលរស់នៅក្នុងទីប្រជុំនាខេត្តនោះត្រូវបានប៉ូលិសកោះហៅ និងធ្វើការពិន័យរដ្ឋបាលម្នាក់ៗប្រហែល ១៦០ដុល្លារ។
ហេតុការណ៍បានកើតកាលពីថ្ងៃទី ២៤ មករា ក្នុងភោជនីយដ្ឋានមួយ ដែលយុវជន២នាក់ ពុំបានបង្ហាញអត្តសញ្ញាណ បានសម្រេចចិត្តភ្នាល់គ្នាថា អ្នកណាមានជាងដោយដកក្រដាសប្រាក់ចេញមកដុតចោល។
តាមរយៈខ្សែវីដេអូដែលបង្ហោះលើបណ្តាណសង្គម ដំបូងគេឃើញយុវជន២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង យុវជនបានដឿដងដាក់គ្នា ថានរណាមានជាងដោយយកលុយដុត។ ពួកគេចាប់ផ្តើមលាក្រដាសប្រាក់ ១០០យ័ន (ប្រហែល១៦ដុល្លារ) ចេញមកដុត ហើយគេបន្តដុតរហូត។ ព័ត៌មានរបស់ទូរទស្សន៍មិនបានបញ្ជក់ថា យុវជន២រូបនេះដុតអស់លុយប៉ុន្មានទេ។
រឿងរ៉ាវបានរាលដាលដល់បណ្តាញសង្គម ប៉ូលិសក៏លូកដៃចូល ហើយបានកោះហៅយុវជនខាងលើឲ្យមកធ្វើការពិន័យ។ ទោះយ៉ាងណាប៉ូលិសឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងខណៈពេលយុវជនទាំង២ស្ថិតក្នុងសភាពស្រវឹងខ្លាំង៕ សូយន