ភ្នំពេញ៖ បន្ទាប់ពីភាគីវៀតណាម បានធ្វើប៉ុស្តិ៍ព្រំដែនថ្មីនៅចម្ងាយប្រមាណ១២០ម៉ែត្រ ពីព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុកក្អមសំណ ខេត្តកណ្តាលនោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានប្រតិកម្មខ្លាំងៗទៅភាគីវៀតណាមថា កម្ពុជានឹងធ្វើប៉ុស្តិ៍ជាសំណង់រឹងមាំនៅតាមព្រំដែន ដូចភាគីវៀតណាមដែរ បើវៀតណាម មិនធ្វើឱ្យស្ថានការណ៍ព្រំដែន វិលទៅរកស្ថានភាពដើមវិញនោះទេ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងកម្មវិធីកិច្ចពិភាក្សាតុមូលស្ដីពី តើកម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក? នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នាសាលមរតកសិល្បៈខ្មែរ នៅអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យ សភាកម្ពុជាថា មានវៀតណាមសង់ខ្ទមឬក៏ប៉ុស្តិ៍យាមក្នុងកំរិតរឹងនៅចម្ងាយប្រមាណ១២០ម៉ែត្រ ពីព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុកក្អមសំណ ខេត្តកណ្តាល ។ ហើយលោកថា វៀតណាមត្រូវស្នើសុំពីកម្ពុជា ព្រោះយើងជាព្រំដែនមាន៤សំខាន់ គឺព្រំដែនឯកភាព ព្រំដែនសហប្រតិបត្តិការ ព្រំដែនសេដ្ឋកិច្ច និងព្រំដែនទប់ស្កាត់នៃការជួញដូរគ្រឿងញៀន កុមារនិងស្ត្រីភេទ។
លោកបានលើកឡើងបន្តថា យើងត្រូវផ្តល់គំនិតគ្នាទៅវិញទៅមក អ៊ីចឹងយើងត្រូវកំណត់ទូតជូនទៅវៀតណាមថា វៀតណាមបានគោរពកិច្ចព្រមព្រៀមដែរទេ ទោះបីវៀតណាមធ្វើនៅលើដីរបស់អ្នកឯងក៏ដោយ ប៉ុន្តែយើងមានកិច្ចព្រមព្រៀងជាមួយនឹងគ្នា យើងត្រូវតែធ្វើកំណត់ទូតទៅប្រទេសវៀតណាម ។
លោកថា បើភាគីវៀតណាមមិនស្តាប់ គឺកម្ពុជាអង្វរម្តងទៀត ហើយកម្ពុជាអាចធ្វើ១២០ម៉ែត្រទប់មុខនឹងប៉ុស្តិ៍នោះវិញ ។ ប៉ុស្តិ៍ប៉ុណ្ណឹងថ្លៃប៉ុន្មាន ។ ខ្ញុំធ្លាប់ធ្វើមួយនៅខេត្តកំពតដោយបានសុំការអនុញ្ញាតពីរាជរដ្ឋាភិបាល ។ រឿងអ្វីវៀតណាមធ្វើកន្លែងបាន យើងក៏ត្រូវធ្វើកន្លែងហ្នឹងបានដែរ។ រដ្ឋាភិបាលកាត់ធ្វើភ្លាមនៅខេត្តកំពត ទៅមើលឃើញហើយ ប៉ុស្តិ៍រឹងដូចគ្នា អ្នកឯងធ្វើបានខ្ញុំក៏ធ្វើបានដែរ ។ រឿងអ្វីអ្នកឯងមិនឲ្យធ្វើ អ្នកឯងធ្វើបាន ខ្ញុំក៏បានធ្វើបានដែរ ។ ទៅមើលខេត្តកំពតឃើញហើយ កំពតនេះគឺជាចំណុចដែលខ្ញុំចុះមុនគេបំផុត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាលខេត្តកណ្ដាល បានចុះពិនិត្យតាមបណ្ដោយព្រំដែនស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល ដោយឃើញតង់មួយចំនួនដែលទាហានវៀតណាមសាងសង់នៅតំបន់ភាគីកម្ពុជា-វៀតណាមមិនទាន់ឯកភាពគ្នា។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អះអាងថា យោធាវៀតណាមបានរុះរើតង់ចាស់ហើយប្ដូរមកសង់តង់ថ្មី ដែលជាជម្រករឹងមាំនៅតំបន់មិនទាន់ឯកភាពគ្នា ស្ថិតនៅភូមិភូវី ឃុំកូឡូក ស្រុកទិនចូវ ខេត្តអាងយ៉ាង ទល់នឹងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។
ក្នុងលិខិតជូនអភិបាលខេត្តកណ្តាល គង់សោភ័ណ្ឌ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ដីសកម្មភាពយោធាការពារព្រំដែនខេត្តអានយ៉ាង(វៀតណាម) ប៉ុស្តិ៍៩២៥វិញសឿងបានរុះរើតង់ ចាស់ដោយផ្លាស់ប្តូរសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ស្នងការនគរបាលខេត្តកណ្ដាល ឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន ក្អមសំណចំនួន០៨នាក់ បានសហការជាមួយកម្លាំងយោធាការពារព្រំដែនកង៦០១ចំនួន០៧នាក់ និងលោកនាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យនៅចំណុចទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍ ៩២៥វិញសឿងនៅនិយាមកា514575-1206948 ភូមិភ្វវីឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អម សំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី ( ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រx៤ម៉ែត្រដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលយើងគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ ។
លោកស្នងការបានបញ្ជាក់ថា ទន្ទឹមនោះ កម្លាំងទាំង៣អង្គភាពខាងលើ បានទៅជួបជាមួយប្រធានប៉ុស្តិ៍៩២៥វិញសឿង ដើម្បីទាមទារឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពសាងសង់តង់ថ្មីខាងលើនេះ។ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថាគេធ្វើ តាមបញ្ជីថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេមានគម្រោងសាងសង់តង់ថ្មី(ជាជម្រករឹងមាំ ) ចំនួន០៤គោលដៅ លើ១០គោលដៅចាស់ដែលមានស្រាប់ ។
លុះនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកអភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធបានចុះ ត្រួតពិនិត្យនៅទីតាំងខាងលើនេះម្តងទៀត និងបានសំណូមពរឲ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់។ ប៉ុន្តែ ភាគីវៀតណាម មិនព្រមឯកភាពបញ្ឈប់ការសាងសង់នោះឡើយ៕ ដោយ៖កូឡាប