ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទឹកចិត្តអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ៥ឆ្នាំជាបន្តទៀត ហើយជឿជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តប្រឹងប្រែង តាំងពីដើមអាណត្តិ ដោយមិនបង្អែបង្អង់ ។
ស្ថាប័នប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី២ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព. ) នៅរសៀល ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២០ដែលធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៣ ) ដោយមាន វត្តមានសរុបចំនួន ១០រូប លើ ១១រូប ហើយបានដំណើរការក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ គឺ បានពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ ឆ្នាំ២០២០-២០២៥ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានស្តាប់សេចក្តីរាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀងប្រធាន និងឯកឧត្តម យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការរៀបចំ និងខ្លឹមសារសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ ។
បើតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងអំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែកក្កដានិងខែសីហាមានជាអាទិ៍ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មានសរុបចំនួន ៤៦៦នាក់ ដែលក្នុងនោះ – ប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយពីលាឈប់ពីការងារ។ តែងតាំងថ្មីមាន ៣៧៣នាក់។ ការងារ -ចប់អាណត្តិ – ត្រូវបញ្ឈប់ពីការងារ – ចូលនិវត្តន៍ មាន ៩៣នាក់ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីករណីមួយចំនួន៖ ករណីបណ្តឹងរបស់ក្រសួងបរិស្ថាន ករណីកោះរ៉ុង ខេត្តព្រះសីហនុ និងករណីគាស់ក្រឡ ខេត្តបាត់ដំបង បណ្តឹងមួយចំនួនផ្សេងទៀត ។
ឯកឧត្តម តុប សំ ប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិនិត្យ ពិភាក្សា និងមានសំណួរនានាដើម្បីឱ្យអង្គភាពប្រឆាំងអំពើពុករលួយបំភ្លឺ មុននឹងធ្វើការអនុម័តដោយការពេញចិត្តនូវផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ អាណត្តិទី៣ (២០២០-២០២៥) ដែលតាក់តែងឡើងស្របតាមគោលនយោបាយ និងកម្មវិធី ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ហើយក៏ស្របតាមកាតព្វកិច្ចអន្តរជាតិដែលកម្ពុជាត្រូវបំពេញ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទឹកចិត្តអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ៥ឆ្នាំជាបន្តទៀត ហើយជឿជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តប្រឹងប្រែង តាំងពីដើមអាណត្តិ ដោយមិនបង្អែបង្អង់ ព្រោះថាអាណត្តិថ្មីនេះ ផែនការដែលក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយទើបបានអនុម័តមានចំណុចថ្មី មានការលំបាកស្មុគស្មាញថ្មី មានអំរែកធ្ងន់ធ្ងរច្រើនជាងមុន ដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែពុះពារអនុវត្ត ៕ ដោយ៖កូឡាប