ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា “ក្នុងដំណើរវិវឌ្ឍន៍របស់ស.ស.យ.ក. រយៈពេល៧ឆ្នាំចុងក្រោយនេះ ក្រុមគ្រួសារស.ស.យ.ក. បានរួមចំណែកយ៉ាងសកម្ម ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុសង្គមជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យមហាជនគាំទ្រ និងទទួលស្គាល់ជាបន្តបន្ទាប់”។
បើតាមផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី 28 ខែសីហាឆ្នាំ 2020 នេះ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា សមាជិក សមាជិកា យើងបានបោះជំហានថ្មីមួយទៀត ចេញពីស្មារតី២ធ្នូដែលជាស្មារតីនៃការស្ម័គ្រចិត្ត ខិតខំ តស៊ូ ប្រឹងប្រែងរបស់បុព្វបុរសយើងដើម្បីសង្គមជាតិ។
ថ្ងៃនេះដើម្បីជាការថ្លែងអំណរគុណ ចំពោះសមាជិក សមាជិការបស់យើងគ្រប់ៗរូប ខ្ញុំមានមោទកភាព សូមប្រកាសបើកដំណើរការប្រព័ន្ធប័ណ្ណសមាជិកភាពស.ស.យ.ក. និងកម្មវិធីApp ស.ស.យ.ក. ជាផ្លូវការ។ ជាមួយប័ណ្ណសមាជិកភាពនេះ ក្រុមគ្រួសារស.ស.យ.ក. បានបង្ហាញយ៉ាងច្បាស់ពីមោទកភាព ចំពោះអតីតកាល និងសមិទ្ធផលរបស់ខ្លួននាពេលកន្លងមក និងបោះជំហានប្រកបដោយភាពមោះមុត ទៅកាន់អនាគតជាមួយទំនើបកម្មបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងអនាគតដ៏ភ្លឺស្វាងនិងប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
សូមក្រុមគ្រួសារស.ស.យ.ក. រីករាយជាមួយភាពសម្បូរបែបសម្រាប់ការប្រាស្រ័យទាក់ទង ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន ហើយបងប្អូនមហាជនក៏អាចចុះឈ្មោះចូលជាសមាជិកតាមរយៈប្រព័ន្ធអនឡាញ បានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមក៏បាន អរគុណក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេសដែលបានស្ម័គ្រចិត្ត ចូលរួម លះបង់ និងតស៊ូជាមួយគ្នាគ្រប់ពេលវេលា គ្រប់ទីកន្លែងក្នុងសកម្មភាពសង្គម ដើម្បីកម្ពុជា និងប្រជាជនកម្ពុជា។ អរគុណក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេសដែលតែងតែកសាងបាននូវមោទកភាពជាតិ និងនាំយកនូវកិត្តិនាម និងកិត្តិសព្ទល្បីរន្ទឺរបស់កម្ពុជាទៅកាន់ពិភពលោក។ អរគុណក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេសដែលរក្សាបាននូវសាមគ្គីភាព វិបុលភាព មោទកភាព និងភាពជាអមតៈនៃមហាក្រុមគ្រួសារយុវជនកម្ពុជាកន្លងមក និងទៅថ្ងៃអនាគត។
“ថ្ងៃនេះ យើងខ្ញុំសូមណែនាំ និងផ្តល់ជូននូវសមិទ្ធផលថ្មីដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា និងដើម្បីជាការតបស្នងសងគុណដល់ការចូលរួមជាមួយគ្នាកន្លងមកនោះគឺ ប័ណ្ណសមាជិកភាព ស.ស.យ.ក. និងកម្មវិធីApp ស.ស.យ.ក.។ ជាមួយអតីតកាល ស.ស.យ.ក.សម្លឹងទៅមុខ” ឯកឧត្តមហ៊ុនម៉ានីបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕ ដោយ៖កូឡាប