ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចហើយ ចំពោះរឿងរ៉ាវដ៏ក្តៅគគុកមួយ រវាងអ្នកស្រី ទ្រី ដាណា និងអ្នកស្រី អ៊ាន សៀវម៉ី បន្ទាប់ពីអ្នកស្រី សៀវម៉ី បានឡាយហែកស្ទើរខ្ទេចហាក់ដាក់ចំៗទៅលើអ្នកស្រី ទ្រី ដាណា ដែលបានឆេះកំហឹងចេញលិខិតសុំឲ្យធ្វើការបកស្រាយ និងចុងក្រោយចេញលិខិតដាក់ចំៗឈ្មោះអ្នកស្រីតែម្តង គឺជំទាវឧកញ៉ា អ៊ាន សៀវម៉ី។
ក្រោយពីបានឃើញដាក់ឈ្មោះអ្នកស្រីចំៗបែបនេះ នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អ្នកស្រី អ៊ាន សៀវម៉ី ក៏បានឡាយតបទៅវិញដោយចោទសួរហាក់ឆ្ងល់ ល្ងង់មិនដឹងអីបែបនេះថា តើការចេញលិខិតប្តឹង ឬ ស្នើសុំឲ្យបកស្រាយស្អីៗហ្នឹង អាចបង្ហោះជាសាធារណៈបានមែនដែរ ឬអត់? ជាពិសេសមេធាវីទាំងពីរ ឬអ្នកស្រី ទ្រី ដាណា សូមធ្វើការបកស្រាយជូនអ្នកស្រីវិញផង។
ក្នុងនោះផងដែរ អ្នកស្រី អ៊ាន សៀវម៉ី ក៏បានលើកឡើងយ៉ាងចាក់ដោតថា អ្នកស្រីមិនមែនលទ្ធភាពជួលមេធាវី ១ខែ១ម៉ឺនដុល្លារទេ តែបើមានគឺទុកលុយនោះទៅជួយដល់ប្រជាជនខ្មែរទីទ័លក្រ ឬ ធ្វើផ្លូវបានបុណ្យច្រើនជាងធ្វើរឿងឥតបានការនេះ។ អ្នកស្រីបន្តថា អ្នកស្រីពុំត្រូវការមានមេធាវីទុកចាំការពារខ្លួនបែបនេះនោះទេ ព្រោះអ្នកស្រីពុំរកស៊ីខុសច្បាប់ដូចគេ ឬ ធ្វើបំពានច្បាប់នោះឡើយ។
អ្នកស្រីក៏បានរម្លឹកដដែលៗឲ្យដឹងថា កាលពីថ្ងៃមុនមានមនុស្សម្នាក់បាននិយាយសំដៅហាក់វាយប្រហារប៉ះពាល់ដល់អ្នកស្រី ទិញពេជ្រ សម្ញែងអួតពេជ្រ។ ហេតុនេះ អ្នកស្រីក៏សូមធ្វើការបកស្រាយទៅវិញថា «ខ្ញុំមានលុយទិញពេជ្រ ប៉ុន្តែ ខ្ញុំខ្លាចអ្នកលក់ពេជ្រមិនសុទ្ធ។ តើអ្នកលក់ពេជ្រ មានប៉ុន្មានរយពាន់នាក់នៅក្នុងស្រុកខ្មែរ? ចុះហេតុអ្វីគាត់ (អ្នកស្រី ទ្រី ដាណា) រើសដាក់ខ្លួនម្ល៉េះ ខ្ញុំបានបញ្ចេញឈ្មោះគាត់ដែរអត់ បានជាសុំឲ្យខ្ញុំចេញមុខបកស្រាយសំណួរទី១ទី២ទី៣ទី៤ យ៉ាងនេះ។
ទោះយ៉ាងណា សម្រាប់លិខិតលើកទី២ ដែលដាក់ចំៗឈ្មោះអ្នកស្រីយ៉ាងច្បាស់បែបនេះ អ្នកស្រី អ៊ាន សៀវម៉ី ក៏សូមឲ្យមេធាវីទាំងពីរ ឬក៏អ្នកស្រី ទ្រី ដាណា ផ្ទាល់ ធ្វើការបកស្រាយផង ចំពោះការដែលឲ្យអ្នកស្រីចេញមុខបកស្រាយ ព្រោះអ្នកស្រីពុំបានបញ្ចេញឈ្មោះអ្នកណាគេនោះទេ ជាពិសេសពេលនេះ គាត់ (ទ្រី ដាណា) បានបង្ហោះឈ្មោះអ្នកស្រីចំៗជាសាធារណៈបែបនេះ ដោយអ្នកស្រីថាមនុស្សយើងម្នាក់ៗគឺមានកិត្តិយសរៀងៗខ្លួន។
សូមបញ្ជាក់ផងដែរ ក្រោយពីអ្នកស្រី អ៊ាន សៀវម៉ី បានឡាយវីដេអូកាលពីប៉ុន្មានថ្ងៃមុន ទម្លាយចេញលួចឈ្មោះហ្វ្រេនផ្សេងៗ និងក៏ដូចជាហែកកេរ្តិ៍ផ្ទាល់ខ្លួនខ្លះៗ និងព្រមទាំងចំណុចដ៏រសើបមួយចំនួនតូចផងដែរនោះ ជាហេតុធ្វើឲ្យអ្នកស្រី ទ្រី ដាណា ដែលហាក់មានខ្លួន បានផ្ទុះកំហឹងខ្លាំងក្លា ចេញលិខិតឲ្យអ្នកស្រី អ៊ាន សៀវម៉ី ចេញមុខបកស្រាយតែម្តង ដោយក្នុងនោះបានគំរាមទុកពេលឲ្យ២ថ្ងៃទៀតផង។
ក្នុងលិខិតនោះ អ្នកស្រី ទ្រី ដាណា សុំឲ្យអ្នកស្រី អ៊ាន សៀវម៉ី ធ្វើការបកស្រាយនៅត្រង់ប៉ុន្មានចំណុចទាំងនេះទី១- «សុទ្ធតែទិញពេជ្រអួត សំខាន់គេមានលុយទិញ ខ្ញុំខ្លាចតែអ្នកលក់ពេជ្រក្លែងក្លាយវិញ ខ្លាចដាំត្បូងស្ទាយ មកប្រាប់គេថាពេជ្ររាប់សិបលានទិញអាប្រហោងក្នុង ខ្ញុំខ្លាចចឹងវិញណាចែណា», ទី២- «គាត់យកប្រេនខ្ញុំអត់បាន កុំអីគាត់លួចទៀត ចែឯងចូលចិត្តលួចរបស់គេទេ», ទី៣- «អាប៉ិខ្មៅនឹងចេះយកចែឯងដែរ», ទី៤- «ពីមុនគេវ៉ៃជិតស្លាប់ជិតរស់ ម៉ែគេខ្លាចងាប់គេប្តឹងភ័យខ្លាំងណាស់», ទី៥- «ចែឯងមើលតែ Online ណាលក់ផ្ទុះតិច អោយគេធ្វើ Brand ដូចភ្លែត Copy ភ្លាម»៕ ដោយ៖ លឹម ហុង