ជនសង្ស័យ១នាក់ ដែលជាមេខ្លោងថ្នាំញៀនប្រភេទម៉ាទឹកកកជិតមួយគីឡូក្រាម ត្រូវតុលាការខេត្តកណ្តាលចេញដីកាឃុំខ្លួន។
នគរបាលស្រុកអង្គស្នួល កាលពី ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨បានឲ្យដឹងថា យោងលទ្ធផលបង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (Ice) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុច ផ្ទះជួលភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ។ឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់ ឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។វត្ថុតាងចាប់យក ថ្នាំញៀន ចំនួន៣កញ្ចប់មធ្យម ស្មើទម្ងន់ ០,៤៥ក្រាម រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។
បញ្ជាក់ ៖ជនសង្ស័យខាងលើមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន២ ដីកា ៖១-ដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ ០៩៤ ដក.ចខ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក គឹម ម៉េង ចៅក្រមជំនុំជំរះ នៃសាលាដំបូងខេត្តកណ្តាល ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ដាក់ពន្ធនាគារកំណត់រយៈពេល០២ឆ្នាំ ០៦ខែ) ។២-ដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ ២៦១ ដក.ចខ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមជំនុំជំរះ នៃសាលាដំបូងខេត្តកណ្តាល ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ដាក់ពន្ធនាគារកំណត់រយៈពេល០៣ឆ្នាំ) ។
ជនសង្ស័យខាលើត្រូវបាន លោក អី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ២៣៩ ដក.ប.ឃ.ខ ចុះថ្ងៃទី២៨ ខែមករា ឆ្នាម២០១៨ បញ្ជូនទៅពន្ធនាគារខេត្តកណ្តាលរួចហើយ ។
នៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទី ក្រោយពីទទួលព័ត៌មានពីកម្លាំងមូលដ្ឋានសម្ងាត់ពីបានមករាយការណ៍ជូនផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានស្រុកអង្គស្នួលថា គាត់បានទទួលព័ត៌មានពីឈ្មោះចាន់ ជនភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល (ត្រូវជាបងបង្កើតរបស់ជនសង្សយ័ឈ្មោះចាន់ ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ដែលត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន ពីបទជួញដូរថ្នាំញៀនខុសច្បាប់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ចំណុចបន្ទប់ជួលភូមិព្រៃសំរោង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ) ដោយគាត់ (បងប្រុសខាងលើ) បានទៅសួរសុខទុក្ខឈ្មោះចាន់ ចិត្ត នៅក្នុងពន្ធនាគារខេត្តកណ្តាល ហើយឈ្មោះចាន់ ចិត្ត បានប្រាប់គាត់ថាថ្ងៃប៉ូលីសចុះទៅបង្ក្រាបនោះខ្លួន (ចាន់ចិត្ត) បានលាក់ថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួនធំនៅក្នុងធុងបាស់ តម្លៃប្រហែល ៥.០០០ដុល្លារ និងទូរសព្ទ័ដៃ២គ្រឿងម៉ាកអាយហ្វូន ។
ក្រោយពីទទួលបានព័ត៌ភ្លាម លោកអធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាឲ្យកម្លាំងជំនាញចុះទៅស្រាវជ្រាវ សួរនាំដល់កម្លាំងដែលចុះទៅបង្ក្រាបស្វែងរកធុងបាស់ដែលបានមកពីកម្លាំងផ្តល់ព័ត៌មាន រកឃើញធុងបាស់នោះ ។
ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ដោះបំបែកធុងបាស់នោះ បើកមើលឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក (Ice) ចំនួន៦កញ្ចប់ធំ ស្នើនឹងទម្ងន់ ២៩៩,០៥ក្រាម បន្ថែមទៀតពិតប្រាកដមែន ។ចំពោះវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់ធំខាងលើ ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បន្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ