អ្នកស៊ើបអង្កេតការជួញដូរភ្លុកដំរី និងកុយរមាសដ៏ល្បីឈ្មោះម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ដោយមានស្នាមចាក់របួសពេញខ្លួន នៅក្នុងប្រទេសកេនយ៉ា។ នេះបើតាមការចេញផ្សាយរបស់ CNN នៅព្រឹកថ្ងៃអង្គារនេះ។
លោក Esmond Bradley Martin ដែលជាអ្នកជំនាញជាន់ខ្ពស់ម្នាក់ក្នុងចំណោមអ្នកស៊ើបអង្កេតល្បីៗផ្សេងទៀតក្នុងពិភពលោក។ គាត់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់គាត់ ស្ថិតនៅជាយក្រុងរដ្ឋធានី Nairobi។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសកេនយ៉ា។
ប៉ូលិសកេនយ៉ា កុំពុងធ្វើការស៊ើបអង្កេត ប៉ុន្តែមិនទាន់បានដឹងពីមូលហេតុនៃឃាតកម្មលើរូបលោកនៅឡើយទេ។
លោក ទើបតែបានត្រឡប់មកពីប្រទេសមីយ៉ានម៉ា ហើយកំពុងសរសេររបាយការណ៍ពីការរកឃើញរបស់គាត់ នៅពេលដែលគាត់ត្រូវបានគេសម្លាប់។
លោកគឺជាជនជាតិអាមេរិច និងជាអតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ការអភិរក្សរមាស។ សមិទ្ធផលមួយដ៏គួរឲ្យកត់សម្គាល់របស់លោក គឺ លោកបានបញ្ជុះបញ្ជូលឲ្យប្រទេសចិនបិតការជួញដូរកុយរមាសស្របច្បាប់របស់ខ្លួន នៅក្នុងឆ្នាំ ១៩៩៣។
អស់រយៈពេលជាច្រើនទសវត្សន៏មកហើយ លោក បានធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងប្រពន្ធរបស់គាត់ ដោយបានលាតត្រដាងពីការជួយដូរភ្លុកដំរី និងកុយរមាសនៅក្នុងប្រទេសឡាវ វៀតណាមអេតូពី និងនីសេរីយ៉ាជាដើម៕ សុភ័ក្ត្រ