ភ្នំពេញ ៖ នេះជារឿងដ៏គួរឲ្យអាណិតអាសូរមួយ ខណៈដែលនារីជាពលករខ្មែរម្នាក់ បានលើកម្រាមដៃដប់សំពះអង្វរស្នើទៅដល់សម្តេចទាំងពីរ មេត្តាជួយអន្តរាគមន៍ ដើម្បីឲ្យរូបនាងបានវិលត្រឡប់មកស្រុកខ្មែរវិញផង បន្ទាប់ពីជាប់គាំងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារកូវីដ-១៩ អត់ការងារធ្វើអស់រយៈពេលជាច្រើនខែមកហើយ និងកំពុងជួបការលំបាកខ្លាំងណាស់ ដែលពេលនេះលុយក៏អត់មាន ហើយលិខិតឆ្លងដែនរបស់នាងក៏ត្រូវផុតកំណត់ទៀត។
បើការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ហ៊ុយ ឧត្តម នារីពលករខ្មែរដែលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំងខាងលើនេះ នៅក្នុងប្រទេសម៉ាឡេស៊ី នាងមានឈ្មោះ លន់ ស្រីភន់ មានស្រុកកំណើតនៅភូមិ ភ្នំរំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ស្រីភន់ បានប្រាប់ឲ្យដឹងថា នៅពេលនេះ នាងកំពុងជួបទុក្ខលំបាក ដោយសារអត់ការងារធ្វើ ធ្លាក់ខ្លួនឈឺ លុយកាក់ក៏គ្នាន ហើយលិខិតឆ្លងដែនក៏ហួសកំណត់ទៀត!។ ហេតុនេះ នាងចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួបជុំក្រុមគ្រួសារ ប៉ុន្តែ មិនដឹងថាត្រូវវិលត្រឡប់មកដោយវិធីណា?។
ចំណែកឪពុកម្តាយរបស់នាងវិញ ក៏បានលើកដៃសំពះដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយកូនចៅផង ព្រោះពេលនេះ កូនស្រីរបស់ពួកគាត់កំពុងជួបទុក្ខលំបាកវេទនា ដែលជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីសុខទុក្ខកូនស្រីខ្លាំងណាស់៕ ដោយ៖ លឹម ហុង