កណ្ដាល៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ជាថ្ងៃទី១នៃ ពិធីបុណ្យកាន់បិណ្ឌ វេនទី១ ។
នៅថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម និងលោកជំទាវ ជាថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ន រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត មន្រី្តរាជការ និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត កាន់បិណ្ឌទី១ នៅវត្តនីមួយៗទូទាំងប្រទេស។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
ប្រមុខរាជរដ្ឋាភិបាល តែងបានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ពិធីកាន់បិណ្ឌបានមកដល់តាមប្រពៃណីទំនៀមទម្លប់សាសនា។ នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគឲ្យបានជាប្រចាំ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
តាមរយៈផេក facebook ផ្លូវការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា “អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ១ » ។ ថ្ងៃទី៣ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធប
រិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងអំឡុងពេលបុណ្យភ្ជុំនេះ។
សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន។អរគុណសន្តិភាព”។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។
ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បានបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេ នៅពេលពពួកប្រេតទាំងនោះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។
សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព ជាពិសេស សូមបងប្អុនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-១៩ ឲ្យបានគ្រប់គ្នា៕ ដោយ៖កូឡាប