ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃធគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជា បានប្រើយន្តការទីផ្សារ ក្នុងការលើកកម្ពស់ប្រាក់រៀល ដោយមិនប្រើយន្តការរដ្ឋបាល ដើម្បីធ្វើបដិដុល្លារូបនីយកម្មនោះទេ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធគារជាតិនៃកម្ពុជា មានគោលជំហរក្នុងការលើកកម្ពស់ប្រាក់រៀលតាមរយៈយន្តការទីផ្សារ និងមិនមានការប្រើយន្តការរដ្ឋបាលក្នុងការធ្វើបដិដុល្លារូបនីយកម្មនោះទេ។ ការលើកឡើងពីគោលជំហររបស់គារជាតិនៃកម្ពុជា ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា ប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា បានកើតមានឡើងចាប់តាំងពីអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា UNTAC ម្ល៉េះ ដែលបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងទីផ្សារសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។
បច្ចុប្បន្ននៅលើទីផ្សារកម្ពុជា មានការប្រើប្រាស់ប្រាក់រៀល និងដុល្លាររូបនីយកម្ម ដែលកន្លងទៅធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនអាចកំណត់ពីចំនួនប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណផ្សេងៗទៀតដែលកំពុងចរាចរ នៅក្នុងសេដ្ឋកិច្ចបានទេ។ ដូច្នេះប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពថ្លៃ ក៏ត្រូវបានកំហិតផងដែរ។
ធនាគារជាតិ ក៏បានក្រើនរំលឹកផងដែរថា នៅកម្ពុជា ដោយសារតែដុល្លាររូបនីយកម្ម មានកម្រិតខ្ពស់ ហើយរូបិយប័ណ្ណបរទេសចរាចរ ដោយសេរី (ប្រការនេះ លើសពីដែនសមត្ថកិច្ចរបស់ធនាគារជាតិ) អាចនាំឲ្យមានអតិផរណាខ្ពស់ នឹងផ្តល់ផលប៉ៈពាល់ អវិជ្ជមាន ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន នៅពេលទំនិញកាន់តែឡើងថ្លៃ។
គួរបញ្ជាក់ថា បើតាមធនាគារជាតិ ការប្រើប្រាស់រូបិយវត្ថុជាតិតែមួយ លើការទូទាត់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងអាចជួយកាត់បន្ថយចំណាយច្រើនសម្រាប់អ្នកលក់ និងអ្នកទិញ។ លើសពីនេះ ការប្រើប្រាស់រូបិយវត្ថុជាតិ នឹងអាចជួយបង្កើនប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែច្រើន ដោយសារភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព នៅពេលដែលភាគីទាំងពីរមិនចាំបាច់ ត្រូវខ្វល់ពីប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណក្នុងការទូទាត់ ឬគម្លាតអត្រាប្តូរប្រាក់ជាដើម៕
ដោយ៖CEN