ភ្នំពេញ៖ ជឿជាក់ថា មានបងប្អូនមហាជនជាច្រើន ពុំធ្លាប់បានដឹងពីបុត្រាបុត្រីរបស់អតីតព្រះវីរក្សត្រ ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ តាមរយៈ ទំព័រហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge បានបង្ហោះចែករំលែកឲុ្យដឹងនូវរឿងមួយ ដែលមិននឹកស្មានដល់ថាព្រះអង្គម្ចាស់នរោត្តម នរៈទីប៉ោ និងម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីកេសន គឺព្រះអង្គជាបុត្រាបុត្រីដ៏កម្សត់ជាងគេ ក្នុងកំណត់ហេតុរបស់ព្រះបាទសម្តេច នរោត្តម សីហនុ ។
ក្នុងនោះ អតីតព្រះវីរក្សត្រ ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានមានព្រះបន្ទូលឲ្យដឹងថា « នរៈទីប៉ោ ជាបុត្រដ៏កម្សត់ជាងគេ ព្រះមាតាទ្រង់បានសោយពិរាល័យគួរឲ្យរន្ធត់ប៉ុន្មានម៉ោងប៉ុណ្ណាះ ក្រោយប្រសូតទ្រង់ទ្រង់រួច។
អតីតព្រះវីរក្សត្រ ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រះអង្គបានមានព្រះបន្ទូលឲ្យដឹងថា ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ បានត្រូវបញ្ជូនទៅសិក្សានៅសាធារណរដ្ឋប្រជាមនិតចិន ។ នៅទីនោះទ្រង់សិក្សាខាងផ្នែកអក្សរសាស្ត្រ និងលទ្ធិម៉ៅនិយម។ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយឃើញព្រះអង្គម្ចាស់ នរៈ ទីប៉ោ ទ្រង់មានការយល់ដឹងជ្រៅជ្រះខាងផ្នែកលទ្ធិម៉ៅនិយម ខ្មែក្រហមក៏បានសម្លាប់ព្រះអង្គម្ចាស់ក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
ទំព័រហ្វេសប៊ុក Royal du Cambodge ក៏បានបញ្ជាក់ឲ្យដឹងថា នេះរឿងដ៏គួរឲ្យសោកស្តាយ ព្រោះថា ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ នឹងអាចត្រូវក្លាយជារាជទាយាទ ស្នងរាជបល្ល័ង ប្រសិនបើទ្រង់នៅមានអាយុសង្ខា ។ ប្រសិនបើសម្តេច នរោត្តម សីហនុ មិនត្រូវ លន់ ណុល ធ្វើរដ្ឋប្រហារទេ ព្រះអង្គម្ចាស់ នរៈទីប៉ោ នឹងត្រូវស្នងរាជ្យជាព្រះមហាក្សត្រ ព្រោះព្រះអង្គ ទទួលបានការពេញចិត្ត ពីព្រះអយ្យយកោទ្រង់ សម្តេចព្រះ នរោត្តម សុរាម្រិត និង ព្រះអយ្យកាទ្រង់ ព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ នារីរតន៍ សេរីវឌ្ឍនា ព្រោះព្រះអង្គមាន បិតា និងមាតាជាសែរាជវង្ស និង មានចំណេះជ្រៅជ្រះ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរៈទីប៉ោ ស្ថិតក្នុងព្រះជន្ម ២១ ព្រះវស្សា ដែលក្នុងរូបភាពអង្គុយនៅខាងស្តាំព្រះអនុជទ្រង់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុទម បុផ្ផា (ឆ្វេង) ព្រះជន្ម ២៧ ព្រះវស្សា នៅក្នុងតុលាការក្រុងភ្នំពេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧១ ត្រូវបានចាប់ខ្លួនពីបទផ្តល់ប្រាក់គាំទ្របិតាព្រះអង្គម្ចាស់ដែលភៀសព្រះកាយទៅទីក្រុងប៉េកាំង។ នេះបើយោងតាមទំព័រហ្វេសប៊ុក អាណាចក្រចំណេះដឹង (Empire Of Knowledge)៕ ដោយ៖ លឹម ហុង