កណ្តាល៖នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា មានករណីប៉ុនប៉ងអត្តឃាត ដោយស្ត្រីម្នាក់ បានផឹកស្រាស្រវឹង ហើយបានចាក់សាំងដុតសម្លាប់ខ្លួន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៣នឹង១០នាទី ចំណុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាល បានបន្តថា ស្ត្រីរូបនោះ ឈ្មោះ ហែម សាវី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ។ នៅថ្ងៃកើតហេតុ ស្ត្រីរូបនោះ បានផឹកស្រាថ្នាំអស់ចំនួនកន្លះលីត្រតែម្នាក់ឯង (ផឹករាល់ថ្ងៃជាប្រចាំ) រួចក៏អង្គុយនិយាយឡូឡាតែម្នាក់ឯង បន្ទាប់មកក៏យកដបសាំង ដែលខ្លួនលក់នោះ មកចាក់ស្រោចលើខ្លួន ហើយក៏យកដែកកេះ មកកេះដុតខ្លួនតែម្តង ឃើញដូច្នេះអ្នកជិតខាង បានជួយយកទឹកមកចាក់ពន្លត់ ដោយមានសភាពធ្ងន់ធ្ងរពេក បងប្អូនជនរងគ្រោះ បានហៅរថយន្តសង្គ្រោះ មណ្ឌលសុខភាពឃុំឈើទាល ដឹកបញ្ជូនទៅមន្ទីពេទ្យជ័យជំនះ ខេត្តកណ្តាល៕ ដោយ៖បញ្ញាស័ក្តិ