កូរ៉េខាងជើង កាលពីថ្ងៃអង្គារម្សិលមិញ បានព្រមានថា ការចាប់ផ្តើមបន្តធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិច នឹងរុញឧបទ្វីបកូរ៉េឲ្យត្រឡប់ទៅរកស្ថានភាពប្រឈមដាក់គ្នាវិញ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានកូរ៉េខាងត្បូង Yonhap។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានចេញផ្សាយថា “ប្រសិនបើអាមេរិច និងកូរ៉េខាងត្បូង បន្តធ្វើសមយុទ្ធយោធាទ្រង់ទ្រងធំទៀត ស្ថានភាពនៅឧបទ្វីប កូរ៉េនឹងត្រូវឡប់ទៅរកស្ថានភាព មហន្តរាយវិញ ហើយអ្នកបង្ករឿងត្រូវតែទទួលខុសត្រូវទាំងអស់”។
កូរ៉េខាងជើងក៏បានចោទអាមេរិចផងដែរថា ជាអ្នករុកគួនរំខានដល់សន្តិភាពនៅឧបទ្វីបកូរ៉េ។
សូមបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួន អាមេរិចមានគំរោងធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំរបស់ពួកគេវិញ នៅក្នុងខែមេសាខាងមុខ ក្រោយពេលការប្រកួតកីឡាអូឡាំពិករដូវរងាចប់សព្វគ្រប់នៅក្នុងប្រទេសកូរ៉េខាងត្បូង៕ សុភ័ក្ត្រ