ភ្នំពេញ ៖ ចាប់តាំងពីដាក់ឱ្យដំណើរការ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតមកដល់ត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានឧបត្ថម្ភជាង៧៨លា នដុល្លាររួចហើយ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកបានទទួលជួប និងសម្តែងការស្វាគមន៍ចំពោះលោក Markus Buerli នា ឱកាសដែលលោកទើបត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ថ្មីប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ប្រាប់ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស ថា ដើម្បីដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកលើសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន៥ជុំរួចមកហើយ ដោយផ្តោតលើ ១)ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ការស្រោចស្រង់និងរក្សាលំនឹងអាជីវកម្ម ធុរកិច្ច និង២ ការត្រៀមស្តារសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ១៩ ឡើងវិញ។ ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគោលបំណងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ក្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌។ គិតត្រឹមថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ, រាជរដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ប្រមាណ ៧៨ ២៧០ ០០០ ដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅបន្ដពិនិត្យ និង តាមដាននូវឥទ្ធិពលនៃ វិបត្តិជំងឺកូវីដ-១៩នេះ មកលើជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយត្រៀមលក្ខណៈដើម្បីបន្តអនុវត្ត កម្មវិធីជំនួយសង្គម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច»។
ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ និងលោក Markus Buerli បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមទាំងវិធានការគោលនយោបាយដែលបាន និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ លើវិស័យសេដ្ឋកិច្ច ជាពិសេស អន្តរាគមន៍របស់រាជរដ្ឋាភិបាលតាមរយ:ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ។
លោក Markus Buerli បានកោតសរសើរអំពីវិធានការ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានទទួលស្គាល់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ដើម្បីរក្សាចីរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕
សូមជម្រាបថា ម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាស អនុវត្ត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះ មានរយៈពេល៤ខែមកហើយ៕
ដោយ៖កូឡាប