ភ្នំពេញ៖ តំណាងរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានប្រតិកម្ម និងបដិសេធទាំងស្រុងចំពោះសេចក្តីសន្និដ្ឋានរបស់លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជុំវិញការអនុវត្តន៍សិទ្ធិមនុស្សនៅកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក្រើនរំលឹកថា “ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស មាន ” កាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនសមត្ថកិច្ចក្នុងស្រុករបស់រដ្ឋ ក្នុងការអនុវត្តអាណត្តិរបស់ខ្លួន។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចាត់ទុកការលើកឡើងនេះ ជាការគិតខុសឆ្គងចំពោះការអនុវត្តន៍ច្បាប់នៅកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ និងធានាសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងសុខភាពសាធារណៈសម្រាប់មនុស្សគ្រប់រូប។
ប្រតិកម្មរបស់តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ កើតមានឡើងបន្ទាប់ពី លោកស្រី Ravina Shamdasani បានទាមទារឱ្យមានការដោះលែងក្រុមយុវជនមួយក្រុម ដែលត្រូវអាជ្ញាធរចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម»។
ទីក្រុងហ្សឺណែវ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធទាំងស្រុងនូវការសន្និដ្ឋានខុសឆ្គង និងនាំឱ្យមានការភាន់ច្រឡំរបស់ លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ និងធានា សន្តិភាព សណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈ សម្រាប់មនុស្សគ្រប់រូប។
ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ត្រូវបានគេយល់ដឹងជា ទូទៅយ៉ាងច្បាស់ ថា ត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ចការទទួលខុសត្រូវពិសេស និងដែនកំណត់ ដែលមានចែងក្នុងច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងមាត្រា២៩ (២) នៃសេចក្តីថ្លែងការណ៍ជាសាកល ស្តីពីសិទ្ធិមនុស្ស និងមាត្រា១៩(៣) ២១ និង២២(២) នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិង នយោបាយ ។ ដូចគ្នានេះដែរ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគូសបញ្ជាក់ យ៉ាងច្បាស់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពខាងលើ គឺត្រូវតែអនុលោមទៅតាមច្បាប់។ ដូច្នេះ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស មានភារកិច្ចលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីកាតព្វកិច្ចដូចបានរៀបរាប់ខាងលើ នៅក្នុងបទអធិប្បាយរបស់ខ្លួន។
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិបន្ថែមថា លោកស្រីអ្នកនាំពាក្យហាក់មានបំណងមិនស្វែងរកព័ត៌មានលម្អិត និងផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវ ព្រម ទាំងមិនជ្រើសរើសកិច្ចសន្ទនាជាមួយនឹងរដ្ឋ ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។ ការ ជ្រើសរើសវិធីសាស្ត្របែបនេះ គឺផ្ទុយនឹងគោលការណ៍ណែនាំនៃភាពមិនលម្អៀង សត្យានុម័ត និងការ មិនជ្រើសរើសតែមួយជ្រុង នៅពេលពិចារណាអំពីស្ថានភាពសិទ្ធិមនុស្ស។
ការអះអាងដែលថា រដ្ឋាភិបាលបានផ្តោតគោលដៅសំខាន់ទៅលើសកម្មជន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងវិស័យសិទ្ធិមនុស្ស គឺជាការអះអាងដែលមើលតែមួយជ្រុង និងពុំមានមូលដ្ឋានត្រឹមត្រូវ។ ប្រទេស កម្ពុជាពុំអនុញ្ញាតឱ្យមានការចាប់ខ្លួនតាមអំពើចិត្តនោះឡើយ។ មន្ត្រីអនុវត្តច្បាប់រូបណាដែលមានកំហុស ឆ្គង និងបំពានច្បាប់ ត្រូវតែទទួលទណ្ឌកម្ម។ មានឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌលើមន្ត្រី ប្រព្រឹត្តខុសនាពេលកន្លងមក។ លើសពីនេះទៀត អង្គការក្រៅរដ្ឋាភិបាលស្របច្បាប់ និងអ្នកការពារសិទ្ធិ មនុស្ស ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ បាននិងកំពុងប្រតិបត្តិការដោយសេរី និងត្រូវបានលើកទឹកចិត្តឱ្យចូលរួមអភិវឌ្ឍជាតិ។ មានតែអង្គការនិងបុគ្គលដែលបំពានច្បាប់ប៉ុណ្ណោះ ដែលត្រូវបានហាមឃាត់។
បើគេចាត់ទុកការអនុវត្តច្បាប់ជាការរឹតដ្បិតសេរីភាពនោះ គឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងគោលការណ៍ អនុវត្តស្នើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមជាមួយគណបក្សនយោបាយណាមួយ ឬអង្គការដែលអះអាងថា ធ្វើការក្នុងវិស័យបរិស្ថាន ឬ សិទ្ធិមនុស្ស ពុំមែនជាការផ្តល់សិទ្ធិឱ្យបំពានច្បាប់ដោយនិទណ្ឌភាពឡើយ។
បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានឡើយ។ បុគ្គលដែលមានជម្លោះផ្លូវច្បាប់ មានឱកាសពេញលេញចូលរួម សវនាការដោយយុត្តិធម៌ ដើម្បីបង្ហាញទឡឺករណ៍និងដាក់ភស្តុតាងដោះបន្ទុក ចំពោះការចោទប្រកាន់ នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញ របស់កម្ពុជា។
ការអំពាវនាវឱ្យមានការដោះលែងក្រៅប្រព័ន្ធតុលាការ នូវជនជាប់ឃុំមួយក្រុមជាក់លាក់ណានោះ គឺជាការបំពានលើដែនកំណត់នៃសេចក្ដីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិ(A/RES/48/141) ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ស្ដីពីការបង្កើតការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែល កំណត់ឱ្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បំពេញមុខងាររបស់ខ្លួនក្នុងក្របខ័ណ្ឌនៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាពនិងដែនសមត្ថកិច្ចក្នុងស្រុក របស់រដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តល់ការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការបើកចំហរជា មួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អស់រយៈពេលជិត៣ទសវត្សរ៍កន្លងមកហើយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ជំរុញឱ្យលោកស្រីអ្នកនាំពាក្យផ្តល់តម្លៃដល់ទំនាក់ទំនងពិតប្រាកដជាមួយរដ្ឋាភិបាល និងជៀសវាងពឹងផ្អែកជ្រុលហួសហេតុ តែទៅលើប្រភពប្រពៃណី ដើម្បីទទួលបានព័ត៌មានពិត និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ មុនពេលចេញផ្សាយសេចក្ដីថ្លែងការណ៍ជា សាធារណៈណាមួយ ដែលអាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយត្រូវបានគេបកស្រាយថា ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌របស់រដ្ឋអធិបតេយ្យ។ វាក៏មានសារសំខាន់ដូចគ្នា ប្រសិនបើលោកស្រីចង់រក្សាភាពជឿទុកចិត្តបាន សត្យានុម័ត និងឯករាជ្យ របស់ស្ថាប័នអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សមួយនេះ៕ ដោយ៖កូឡាប