ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនចាំម៉ាកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យកិនអូសជាច្រើនម៉ែត្រនៅនឹងកន្លែងកើតហេតុ ហើយ ស្រាប់តែភ្លាមនោះដែរមានជនសង្ស័យ ២ នាក់បានធ្វើសកម្មភាពលើកម៉ូតូជនរងគ្រោះយកទៅបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០ និង ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី១៣ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៦៩ក្នុងសង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពស្លាប់មានឈ្មោះកែវ ពុធ អាយុ ៣០ ឆ្នាំមុខរបរជាងបាញ់ថ្នាំមានប្រពន្ធនិងកូន រស់នៅភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីមិត្តភក្តិ បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ី ជួបជុំគ្នានៅក្នុងហាងហើយក៏បានជិះម៉ូតូម៉ាកគុបមិនចាំផ្លាកលេខ ចេញពីហាងធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងស្រាប់តែមកដល់ចំណុចកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងទៀតមិនចាំផ្លាកលេខធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពីខាងក្រោយស្របទិសគ្នាក្នុងល្បឿនលឿស្រាប់តែមកដល់ចំណុចកើហេតុក៏ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់បោកក្បាលនឹងថ្នល់ភ្លាមភ្លាមៗ រួចក៏មានជនឆ្លៀតឱកាសបានលើកម៉ូតូជនរងគ្រោះយកទៅបាត់ស្រមោល ចំណែកឯរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនិងជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីចំណែកឯជនបង្កសមត្ថកិច្ចនឹងតាមស្រាវជ្រាវតាមឃាត់ខ្លួនមកចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ សា មេត